Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរមកពីអឺរ៉ុបរបស់កម្ពុជា នៅមានកម្រិត?

Media LNN | May 23, 2024
តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរមកពីអឺរ៉ុបរបស់កម្ពុជា នៅមានកម្រិត?
Clinic narith

ប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍សម្បូរបែបទាំងតំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍បែបធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្ត្រមិនចាញ់ប្រទេសនានា នៅក្នុងតំបន់នោះទេ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ ការទាក់ទាញភ្ញៀវទេសចរបរទេសរបស់កម្ពុជា ជាពិសេសភ្ញៀវទេសចរមកពីអឺរ៉ុបហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសក្នុងតំបន់។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបរបស់កម្ពុជានៅមានកម្រិត?

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានអះអាងថា តំបន់​ទេសចរណ៍​​របស់កម្ពុជា មានភាពសម្បូរបែប និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ បើធៀបនឹងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសក្បែរខាង។

ក្រៅពីរមណីយដ្ឋានអង្គរ ដែលតំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីរនៅលើពិភពលោក កម្ពុជាមានតំបន់ទេសចរណ៍ឆ្នេរសមុទ្រ កោះ និងតំបន់អេកូទេសចរណ៍បែបធម្មជាតិរាប់រាប់ពាន់កន្លែង ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍​ដ៏មានសក្តានុពល​ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែអ្វីដែល​គួរ​ឱ្យកត់សម្គាល់ ចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ជាពិសេសមកពីប៉ែកអឺរ៉ុបហាក់​នៅ​កម្រិត​តិចតួចនៅឡើយបើធៀបនឹងប្រទេសមានសក្តានុពលទេសចរណ៍ក្នុងតំបន់ ជាពិសេសប្រទេស​ក្បែរខាង។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសមកពីអឺរ៉ុប​របស់​កម្ពុជានៅមានកម្រិត?

ឆ្លើយតបទៅនឹងសំណួរនេះ លោក ធួន ស៊ីណាន បានលើកឡើងថា កត្តាដែលធ្វើឱ្យចំនួនភ្ញៀវទេសចរ​បរទេស ជាពិសេសមកពីប៉ែកអឺរ៉ុបមកកម្សាន្តនៅកម្ពុជា នៅមានកម្រិត គឺដោយសារកម្ពុជា នៅ​មាន​ភាព​ទន់ខ្សោយលើផ្នែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ខ្វះការតភ្ជាប់ជើងហោះហើរត្រង់​ជាមួយប្រទេស​នៅតំបន់អឺរ៉ុប គួបផ្សំតម្លៃម្ហូបអាហារ និងសេវាកម្មទេសចរណ៍ផ្សេងៗនៅកម្ពុជា មានតម្លៃខ្ពស់ជាង​ប្រទេស​ជិតខាង។

ការខ្វះគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធ​នឹងការ​លើកលែងទិដ្ឋាការ បញ្ហាភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ច ក៏ជាផ្នែកមួយធ្វើឱ្យ​ចំនួនភ្ញៀវ​ទេសចរបរទេស ជាពិសេសមកពីអឺរ៉ុបចូលកម្សាន្តនៅកម្ពុជា មានកម្រិតផងដែរ។

​បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ការខ្វះសមិទ្ធផលទេសចរណ៍ថ្មីៗ ក៏អាចជាមូលហេតុ​ធ្វើឱ្យ​ការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសមកពីតំបន់អឺរ៉ុបរបស់កម្ពុជា មានកម្រិតផងដែរ។ យ៉ាងណាមិញលោក ធួន ស៊ីណាន ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្រួល និងដោះសា្រយបញ្ហា​នានានៅតាមព្រលានយន្តហោះ ដើម្បីផ្តល់ភាពកក់ក្តៅ និងផ្តល់អារម្មណ៍រីករាយ​ជូនភ្ញៀវ​ទេសចរ​បរទេស​​។

​បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវ​ទេសចរបរទេសជាង១លាន៥សែននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ភ្ញៀវទេសចរមកពីអឺរ៉ុប មានចំនួនជាង២១​ម៉ឺននាក់​មានកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍អន្តរជាតិរបស់កម្ពុជា ​នៅឆ្នាំនេះនឹងអាចវិលទៅរកភាពល្អ​ប្រសើរដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩៕