Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គ្រោង​ដាក់ដំណើរការ ការស្នើសុំទម្រង់វិនិយោគតាមប្រព័ន្ធអនឡាញ ក្នុងពេលឆាប់ៗ

Media LNN | Aug 26, 2024
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គ្រោង​ដាក់ដំណើរការ ការស្នើសុំទម្រង់វិនិយោគតាមប្រព័ន្ធអនឡាញ ក្នុងពេលឆាប់ៗ
Clinic narith

(ភ្នំពេញ)៖ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គ្រោង​ដាក់ដំណើរការ ការស្នើសុំទម្រង់វិនិយោគតាមប្រព័ន្ធអនឡាញ ក្នុងពេលឆាប់ៗ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន។ ​លោក ស៊ុន ចាន់ថុល អនុប្រធានទី១  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ដូច្នេះ នៅក្នុង​ពិធីសម្ពោធអគារខុនដូមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា។

លោក ស៊ុន ចាន់ថុល ​មាន​ប្រសាសន៍​ថា ថ្នាល​បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតឱ្យ​វិនិយោគិន អាចដាក់ពាក្យ​ស្នើសុំចុះបញ្ជីគម្រោងវិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ បានពីគ្រប់ទីកន្លែង ខណៈការ​បង់ថ្លៃសេវា និងការ​ទទួល​បាន​វិញ្ញាបនបត្រចុះ​បញ្ជី​គម្រោង ក៏ធ្វើឡើង​ជា​ទម្រង់​ឌីជីថលផងដែរ។ 

​​លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ៖ «ថ្ងៃក្រោយ អ្នក​វិនិយោគទុន​ មិន​ចាំ​បាច់​យក​ឯកសារ​មក​ដាក់នៅ CDC ទេ។ អាច​ចុះ​ការ​ស្នើ​សុំ​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ ឱ្យ​តែមាន​អ៊ីនធឺណិត អាចដាក់ពាក្យមក​ស្នើការ​អនុម័តពីក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។ អនុប្រធានទី១  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់​ដូច្នេះ។ លោក ស៊ុន ចាន់ថុល នឹង​ធ្វើ​បទ​បង្ហាញអំពី​គម្រោង​ស្នើ​សុំទម្រង់វិនិយោគតាមអនឡាញនេះ ​ ជូន​សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ថ្ងៃទី​២៨ សីហា​។ 

នេះជា​ដំណាក់កាលទី១ របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ការ​ធ្វើឱ្យ​មាន​ភាព​ប្រសើរឡើង​ដល់​ការ​វិនិយោគ។ លើសពីនេះ ក្នុង​ជំហាន​បន្ទាប់ លោក ស៊ុន ចាន់ថុល នឹង​រៀបចំ​ប្រព័ន្ធ​ថ្មីមួយ​បន្ថែម​ទៀត ដើម្បី​ត​ភ្ជាប់ប្រព័ន្ធ CDC IPM ទៅ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗផងដែរ។

ជុំវិញការ​បង្កើត​ប្រព័ន្ធ​ស្នើសុំទម្រង់វិនិយោគតាមអនឡាញ និងការតភ្ជាប់​ប្រព័ន្ធទៅ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដោយសារ​លោក ស៊ុន ចាន់​ថុល មើល​ឃើញ​ពីផល​លំបាក​របស់​អ្នក​វិនិយោគ ក្នុង​ការ​ស្នើសុំនៅតាម​ក្រសួងស្ថាប័នផ្សេងៗ។ លោកឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ៖ «នេះ​ជា​ប្រព័ន្ធមួយ ដើម្បី​ផ្ដល់​ភាព​ងាយស្រួលដល់​អ្នក​វិនិយោគ​ កុំឱ្យ​អ្នក​វិនិយោគមាន​ការ​លំបាកខ្លាំង ចេញ​ពី​CDCហើយ ទៅក្រសួង​ស្ថាប័នផ្សេងៗច្រើនកន្លែង​ពេក។ ដូច្នេះ​ប្រព័ន្ធនេះ នឹង​តភ្ជាប់ជា​ស្វ័យ​ប្រវត្តិជាមួយក្រសួង​ស្ថាប័នផ្សេង​ទៀត»។

ជាមួយ​គ្នានេះ លោក ស៊ុន ចាន់ថុល ក៏​បាន​សំណូម​ពរ​ដល់​អ្នក​វិនិយោគ ត្រៀម​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ។ លោក ស៊ុន ចាន់ថុល អះអាងថា ប្រព័ន្ធនេះ ជា​ប្រព័ន្ធមួយដ៏ល្អ ក្រោយលោក​សាកល្បងប្រើប្រាស់​នាពេល​កន្លងទៅ​៕