(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងដាក់ដំណើរការ ការស្នើសុំទម្រង់វិនិយោគតាមប្រព័ន្ធអនឡាញ ក្នុងពេលឆាប់ៗ ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់វិនិយោគិន។ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ដូច្នេះ នៅក្នុងពិធីសម្ពោធអគារខុនដូមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ថ្នាលបច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអនឡាញ បានពីគ្រប់ទីកន្លែង ខណៈការបង់ថ្លៃសេវា និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោង ក៏ធ្វើឡើងជាទម្រង់ឌីជីថលផងដែរ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ៖ «ថ្ងៃក្រោយ អ្នកវិនិយោគទុន មិនចាំបាច់យកឯកសារមកដាក់នៅ CDC ទេ។ អាចចុះការស្នើសុំវិនិយោគតាមប្រព័ន្ធអនឡាញបាន ឱ្យតែមានអ៊ីនធឺណិត អាចដាក់ពាក្យមកស្នើការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ដូច្នេះ។ លោក ស៊ុន ចាន់ថុល នឹងធ្វើបទបង្ហាញអំពីគម្រោងស្នើសុំទម្រង់វិនិយោគតាមអនឡាញនេះ ជូនសម្ដេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ថ្ងៃទី២៨ សីហា។
នេះជាដំណាក់កាលទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការធ្វើឱ្យមានភាពប្រសើរឡើងដល់ការវិនិយោគ។ លើសពីនេះ ក្នុងជំហានបន្ទាប់ លោក ស៊ុន ចាន់ថុល នឹងរៀបចំប្រព័ន្ធថ្មីមួយបន្ថែមទៀត ដើម្បីតភ្ជាប់ប្រព័ន្ធ CDC IPM ទៅក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។
ជុំវិញការបង្កើតប្រព័ន្ធស្នើសុំទម្រង់វិនិយោគតាមអនឡាញ និងការតភ្ជាប់ប្រព័ន្ធទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដោយសារលោក ស៊ុន ចាន់ថុល មើលឃើញពីផលលំបាករបស់អ្នកវិនិយោគ ក្នុងការស្នើសុំនៅតាមក្រសួងស្ថាប័នផ្សេងៗ។ លោកឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ៖ «នេះជាប្រព័ន្ធមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគ កុំឱ្យអ្នកវិនិយោគមានការលំបាកខ្លាំង ចេញពីCDCហើយ ទៅក្រសួងស្ថាប័នផ្សេងៗច្រើនកន្លែងពេក។ ដូច្នេះប្រព័ន្ធនេះ នឹងតភ្ជាប់ជាស្វ័យប្រវត្តិជាមួយក្រសួងស្ថាប័នផ្សេងទៀត»។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់អ្នកវិនិយោគ ត្រៀមប្រើប្រាស់ប្រព័ន្ធនេះ។ លោក ស៊ុន ចាន់ថុល អះអាងថា ប្រព័ន្ធនេះ ជាប្រព័ន្ធមួយដ៏ល្អ ក្រោយលោកសាកល្បងប្រើប្រាស់នាពេលកន្លងទៅ៕