យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កម្មករដែលកំពុងធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកយីហោធំៗនៅតំបន់អាស៊ីអាគ្នេយ៍ មិនអាចមានលទ្ធភាពទិញនូវតម្រូវការជាមូលដ្ឋានបាន ដូចជាស្បៀងអាហារ និងផ្ទះសម្បែងជាដើម។
ជាក់ស្ដែង ក្រុមហ៊ុនយក្សដែលផលិតសម្លៀកបំពាក់កីឡា Adidas និងក្រុមហ៊ុន Nike កំពុងប្រឈមមុខនឹងការតាមដានត្រួតពិនិត្យសារជាថ្មីទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ ក្រុមកម្មករនិយោជិតដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនយក្សទាំងពីរនេះបាននិយាយថា ពួកគេមិនអាចមានលទ្ធភាពទិញទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗទាំងអស់នេះក៏កំពុងរងការចោទប្រកាន់ថាមិនបានបើកប្រាក់ខែឱ្យកម្មករពេញលេញដែលពួកគេជំពាក់ទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុន Adidas បានបដិសេធការចោទប្រកាន់របស់កម្មករដែលថា ពួកគេមិនបានទទួលប្រាក់ខែត្រឹមត្រូវក្នុងបណ្តាញផលិតកម្មរបស់ខ្លួន។
ភ្នាក់ងារសារព័ត៌មាន AP បានធ្វើការស្ទង់មតិមួយដែលបានបង្ហាញថា ៨៥% នៃអ្នកឆ្លើយសំណួរនៅក្នុង ១៥ រោងចក្រដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាបាននិយាយថា ប្រាក់ខែរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការចាំបាច់នោះទេ។ ៥០% បាននិយាយថា ពួកគេចេញទៅធ្វើការជារៀងរាល់ថ្ងៃដោយមិនបានបរិភោគអាហារគ្រប់គ្រាន់នោះទេ ហើយមួយភាគបួននៃអ្នកទាំងនោះ កំពុងទទួលបានប្រាក់ខែតិចជាងប្រាក់ខែក្នុងឆ្នាំ២០២០។
លោកស្រី មីខេល ហាហ្គលីន (Michelle Higelin) នាយកប្រតិបត្តិនៃអង្គការ ActionAid Australia បាននិយាយថា «ការស្រាវជ្រាវរបស់យើងបានបង្ហាញពីភស្តុតាងដ៏អាក្រក់ដែលក្រុមហ៊ុនម៉ាកយីហោធំៗដូចជា Nike និង Adidas ជាដើម មិនបានគោរពសិទ្ធិរបស់កម្មករនៅកម្ពុជាក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ»។
លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនស្បែកជើងដូចជា Adidas និង Nike ធ្វើការលក់ស្បែកជើងក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតស្បែកជើងឆ្ងាយណាស់ ប៉ុន្តែកម្មករដែលផលិតស្បែកជើងបែរជាទទួលបានប្រាក់កម្រៃទាបទៅវិញ។ កត្តានេះបានបណ្ដាលឱ្យកម្មករទាំងអស់នោះ ត្រូវរស់នៅយ៉ាងលំបាក ជាពិសេសពួកគេមិនអាចមានលទ្ធភាពទិញរបស់របរចាំបាច់ ដូចជាស្បៀងអាហារ និងផ្ទះសម្រាប់ស្នាក់នៅជាដើម៕ ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Headtopics