ភ្នំពេញៈ លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក Alynana.com សម្រេចតែងតាំង លោកឡោ វិចិត្រជាឧត្តមទីប្រឹក្សាជាន់ខ្ពស់របស់គេហទំព័រនេះ។
លោកស្រី ប្រុស ចាន់ធឿន ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Alynana.com បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះថា ការសម្រេចតែងតាំ លោកឡោ វិចិត្រ ជាឧត្តមទីប្រឹក្សា របស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូលរួមជួយលើកកម្ពស់កិត្តនាមរបស់គេហទំព័រនេះ។
លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន។ លោកស្រីបានបន្តថា “លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញនិងការជួយដល់សង្គមជាតិ ហើយបានផ្សារភ្ជាប់ទំនាក់ទំនង នេះជាលក្ខណៈពិសេស ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក”។
លោកស្រី ប្រុស ចាន់ធឿនបានបន្តទៀតថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រAlynana.com និងFacebook Page ឈ្មោះ Alynana ព្រមទាំង page LNN ឲ្យកាន់តែលេចធ្លោទាំងលើឆាកជាតិនិង អន្តរជាតិផងដែរ៕
លោកឡោ វិចិត្របានមានប្រសាសន៍ថា គេហទំព័រ Alynana បានដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ និងអង់គ្លេសដែលរហ័សទាន់ចិត្ត ជាពិសេសសេដ្ឋកិច្ច សង្គម ក៏ដូចជាការលើកកម្ពស់សហគ្រិនស្ត្រីនៅ កម្ពុជា។ ហើយអ្វីដែលកាន់តែពិសេសនោះ LNN បានចងក្រងនូវឯកសារសំខាន់ៗសម្រាប់ជាការស្រាវជ្រាវរបស់បញ្ញវ័ន្ត ក៏ដូចជានិស្សិត និងអាជីវករនានា ដែលត្រូវការ បណ្តុំព័ត៌មាន និងឯកសារដែលអាចទុកចិត្តបាន។ មិនត្រឹមតែប៉ុណ្នោះលោកបន្តថា យើងអាចតាមដានព័ត៌មាន របស់គេហទំព័រ តាមរយៈវេបសាយ , Facebook Page, Telegram ជាដើម។តួយ៉ាង“គេហទំព័រនេះបានដើរតួនាទី ជាដៃគូរបស់រដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដែលអាចជឿទុកចិត្តបាន ហើយថែមទាំងបានចូលរួមផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអចលនទ្រព្យ សំណង់ ព្រមទាំងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា”។ “ជាមួយគ្នានេះដែរ គេហទំព័រនេះបានជួយផ្សព្វផ្សាយព៌តមានទាក់ទងនឹងការអប់រំ ការអភិវឌ្ឍន៍ថ្មីៗរបស់វិស័យឯកជន និងរដ្ឋាភិបាលយ៉ាងសកម្ម ដើម្បីបង្កើននិងផ្តល់ព៌តមានមានលក្ខណៈវិជ្ជមាន ជួយដល់សង្គមជាតិ”។
លោកឡោ វិចិត្របានបន្តថា ការចូលរួមផ្សព្វផ្សាយឲ្យសាធារណៈជន មានការជ្រួលជ្រាប ពីសារៈសំខាន់នៃព័ត៌មាន ពីការអភិវឌ្ឍន៍របស់កម្ពុជាឲ្យមានភាពទាក់ទាញ បង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ អន្តរជាតិប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ ដែលតាមរយៈនេះគេហទំព័រដើរតួនាទីជាស្នូលនៅក្នុងការងារនេះ ជាពិសេសជួយជំរុញសមត្ថភាព និងកម្លាំងចិត្តសំរាប់សហគ្រិនជំនាន់ថ្មី។
លោកស្រី ប្រុស ចាន់ធឿន ក៏បានបញ្ជាក់ថា គេហទំព័រAlynana, Page Alynana, LNN, Telegram LNN បានចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានគុណតម្លៃ សំរាប់អ្នកវិនិយោគជាតិ និងអន្តរជាតិហើយក៏ ជាផ្នែកមួយជួយជំរុញបរិយាកាសវិនិយោគនៅកម្ពុជាអោយកាន់តែមានភាពទាក់ទាញ ជាពិសេសស្ថាប័ននេះ បានចូលរួមចងក្រងឯកសារសំខាន់ៗជាច្រើនដល់រាជរដ្ឋាភិបាល ដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ ទាក់ទាញអ្នកទេសចរណ៏ លើកកំពស់សហគ្រិនភាពនៅកម្ពុជា តាមរយះកម្មវិធី និងព័ត៌មានដែលផ្តល់ជាពុទ្ធិទៅដល់អ្នកទស្សនា និងអ្នកអាន។ ការសហការជាមួយដៃគូរបរទេស និងអ្នកវិនិយោគអន្តរជាតិ រួមទាំងអ្នកវិនិយោគក្នុងស្រុកគឺ ដើម្បី ផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជួយដល់ការអភិវឌ្ឍន៍តាមរយៈ ការលើកកំពស់ ការផ្សព្វ ផ្សាយ និងជំរុញទីផ្សាររបស់សហគ្រិនវ័យក្មេងជាដើម។ល។