ក្រុមហ៊ុន Baidu Inc ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម Search Engine ឈានមុខគេរបស់ប្រទេសចិនបាននិយាយថា គំរូបញ្ញាសិប្បនិម្មត្តិ AI របស់ខ្លួនដែលគាំទ្រដោយ Chatbot ដំណើរការបានល្អជាង ChatGPT របស់ក្រុមហ៊ុន OpenAI នៅក្នុងផ្នែកសំខាន់ៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
បច្ចុប្បន្ន Search Engine របស់ក្រុមហ៊ុនចិន Baidu កំពុងស្ថិតក្នុងការសាកល្បងនៅឡើយដែលមានសម្រាប់តែអ្នកដែលត្រូវបានអញ្ញើញប៉ុណ្ណោះ និងនៅមិនទាន់ដាក់ឱ្យប្រើជាផ្លូវការនោះទេ។ Ernie Bot នេះត្រូវបានដាក់ឱ្យសាកល្បងចាប់តាំងពីបង្ហាញលើកដំបូងក្នុងខែមីនាមកម្លេះ គិតមកទល់ពេលនេះមានរយៈពេលសាកល្បងប្រហែល ៣ខែហើយ ដោយ chatbot នេះគឺផ្អែកលើគំរូ AI មូលដ្ឋានរបស់ Baidu គឺ Ernie ផ្ទាល់តែម្តង។