ប្រធានក្រុមហ៊ុន SpaceX លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់នៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធថា លោកបានដំណើរការបង្កើតក្រុមហ៊ុនថ្មីពាក់ព័ន្ធជាមួយបច្ចេកវិទ្យា AI ឈ្មោះ xAI ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ។
ក្រុមហ៊ុននេះគឺដឹកនាំដោយលោក Elon Musk ផ្ទាល់តែម្ដង ហើយមានការចូលរួមពីក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាចំនួន ១១ នាក់ រួមទាំងអ្នកស្រាវជ្រាវដែលធ្លាប់ធ្វើការឲ្យក្រុមបច្ចេកវិទ្យា Google DeepMind និង OpenAI ផងដែរ ។
ទន្ទឹមនោះ មុនឈានដល់ការបង្កើតក្រុមហ៊ុនថ្មីនេះ លោកមហាសេដ្ឋី ក៏ធ្លាប់បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់កាលពីប៉ុន្មានខែមុន ឲ្យផ្អាកអភិវឌ្ឍន៍កម្មវិធី AI ផងដែរ ដោយព្រមានថា វាអាចបំផ្លិចបំផ្លាញដល់មនុស្សជាតិបាន ។ស្របពេលជាមួយគ្នានេះ ការឈានជើងចូលពិភព AI សារជាថ្មី ត្រូវបានគេមើលឃើញថា លោកកំពុងព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុន OpenAI ដែលពីមុន លោកក៏ធ្លាប់មានចំណែកក្នុងការបង្កើតក្រុមហ៊ុននេះផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ការអភិវឌ្ឍបច្ចេកវិទ្យា AI កំពុងរីកកាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon និង Meta ជាដើម ៕