យើងធ្លាប់តែលឺគេចិញ្ចឹមជ្រូកដាក់ទ្រុងស៊ីចំណីបាវ ឬបាយជ្រូក ធ្វើឱ្យទ្រង់មានក្លិនមិនល្អនិងពិបាកក្នុងការថែទាំច្រើន ទម្រាំបានជ្រូកធំធាត់យកទៅលក់។ ប៉ុន្តែគំរូនៃការចិញ្ចឹមជ្រូកថ្មី១ ពីកសិដ្ឋានចិញ្ចឹមសត្វ គៀត ហ្វាម ដែលមានលោក ប៊ុន ចាន់ វីរៈ ជាម្ចាស់ បានឱ្យដឹងថាកន្លែងរបស់លោក ចិញ្ចឹមជ្រូកព្រលែងតាមវាលឱ្យស៊ីស្មៅ មិនសូវប្រើចំណីច្រើននោះទេ ធ្វើឱ្យជ្រូកមានសុខភាពល្អ អាចលក់បានថ្លៃ ហើយអាចបានផលចំណេញដល់សត្វផ្សេងៗទៀតក្នុងកសិដ្ឋាន។
ពូជស្មៅផ្អែមអ៊ីស្រាអែល ដាំពេញវាលនៅក្បែរជើងភ្នំឪរ៉ាល់ នាខេត្តកំពង់ស្តឺរបស់ លោក ប៊ុន ចាន់វីរៈ ដែលចោលអាជីពជាអ្នក IT មកប្រើជីវីតជាអ្នកចម្ការ ដាំដំណាំលើដីតែ១ចិញ្ចឹមសត្វមានដូចជា ជ្រូក ចៀម គោ មាន់តាមបែបធម្មជាតិ ក្បែរជើងភ្នំ ដែលអាចនិយាយបានថាជាកសិដ្ឋានដំបូងគេហើយនៅខ្មែរដែលចិញ្ចឹមជ្រូកព្រលែងឱ្យស៊ីស្មៅតាមវាលបែបនេះ។ថ្លែងប្រាប់ចាបក្រហម លោកវីរៈ បានឱ្យដឹងថាការចិញ្ចឹមសត្វជ្រូកឱ្យស៊ីស្មៅនេះវាចំណេញម្យ៉ាងត្រង់ថា លាមកជ្រូកមានជីវជាតិល្អសម្រាប់ស្មៅធ្វើឱ្យវាលាស់បានលឿននិងខ្ចីល្អព្រោះនៅពេលដែលយើងចិញ្ចឹមជ្រូកដោយការព្រលែងឱ្យវាមកស៊ីស្មៅបែបនេះ វាជុះនឹងដាក់ស្មៅវិញ ថែមទាំងអាចកាត់ស្មៅមួយចំនួននោះយកទៅឱ្យគោនិងចៀមស៊ីបានបន្ថែមទៀត។
លោកបានបន្ថែមថាការចិញ្ចឹមបែបនេះអាចកាត់បន្ថយបានច្រើនលើការប្រើប្រាស់ចំណីជ្រូក ព្រោះថាប្រភេទស្មៅដែលលោកដាំឱ្យជ្រូកស៊ីនោះជាពូជស្មៅផ្អែមមកពីប្រទេសអ៊ីស្រាអែល ដែលមានសារជាតិប្រូតេអ៊ីនធ្វើឱ្យជ្រូកមានក្រពះពោះវៀនល្អ និងមានសាច់ឆ្ងាញ់ជាងធម្មតានៅពេលយកទៅលក់។ យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះជ្រូកចិញ្ចឹមតាមបែបធម្មជាតិរបស់លោកអាចលក់សាច់បានថ្លៃហើយថែមទាំងមានការកម្មង់ទិញយកទៅធ្វើម្ហូបនៅក្នុងសណ្ឋារគារធំៗថែមទៀតផង ដែលសាច់ជ្រូកតាមរយៈការចិញ្ចឹមបែបនេះកសិដ្ឋានរបស់លោកអាចលក់វាបានក្នុង១គីឡូតម្លៃចន្លោះ២៥០០០រៀលឡើងទៅ។
គួរជម្រាបផងដែរថា គៀត ហ្វាម- Keat Farm របស់លោក ប៊ុន ចាន់វីរៈ មិនត្រឹមតែចិញ្ចឹមជ្រូកធម្មជាតិតាមរបៀបថ្មីនោះទេ លោកក៏ចិញ្ចឹមគោយកទឹកដោះលក់ និងចិញ្ចឹមចៀមយកសាច់លក់បានថ្លៃមិនចាញ់របស់នាំចូលនោះទេ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីបច្ចេកទេសក្នុងការចិញ្ចឹមជ្រូកឱ្យស៊ីស្មៅនេះ សូមបងប្អូនរង់ចាំទស្សនាវីដេអូរបស់កម្មវិធី ក្តីស្រមៃខ្ញុំដែលផលិតដោយ Business Cambodia ក្នុងពេលឆាប់ៗនេះ៕