(ភ្នំពេញ)៖ តាមរយៈជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក វីទីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការវិវឌ្ឍន៍ល្អប្រសើរ។ នេះបើតាមលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានឱ្យដឹងថា ក្នុងជំនួបនៅថ្ងៃនេះភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពលើយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ សម្រាប់រៀបចំជា របាយការណ៍ ដាក់ជូនអង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់បង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា និងស្ថានភាពក្នុងពន្ធនាគារ។
បើតាមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សយើងមានការវិវឌ្ឍន៍ល្អប្រសើរ ដោយដារឃើញ មានពាក់ព័ន្ធសេចក្តីព្រៀងច្បាប់ ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ឥឡូវនេះយើងបានឈានទៅដល់ដំណាក់កាលដែលយើងបានដាក់មានភាគីពាក់ព័ន្ធចូលជាច្រើន សង្គមស៉ីវិល ការផ្តល់មតិយោបល់ពីខាងព្រឹទ្ធសភា រដ្ឋសភា និងខាងអង្គការថ្នាក់តំបន់ផងដែរ»។
លោក ប៉ា ប៉ុណ្ណារ៉ាដា បានបន្តថា ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានប្រាប់ទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកទី២ នៅកម្ពុជារបស់ លោក វីទីត មុនតាប៊ន ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពនៃស្ថានសិទ្ធិមនុស្សនៅកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ សិទ្ធិមនុស្សជាតិកម្ពុជាកិច្ចការ និងសមិទ្ធផលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕