Alynana Media Cambodia
Icon Collap
clinic narit

អាមេរិកស្នើប្រធានក្រុមប្រឹក្សាសន្តិសុខUN ចេញសេចក្ដីថ្លែងការណ៍ ចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

Admin Alynana | Nov 23, 2022
អាមេរិកស្នើប្រធានក្រុមប្រឹក្សាសន្តិសុខUN ចេញសេចក្ដីថ្លែងការណ៍ ចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង
Clinic narith

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួន បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលអន្តរទ្វីបកាលពីសប្តាហ៍មុន ដែលមានសមត្ថភាពអាចហោះទៅដល់ទឹកដីគោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហប្រជាជាតិគឺ​លោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល​ (Linda Thomas-Greenfield)​ បាននិយាយថា វាសំខាន់ណាស់ដែលក្រុមប្រឹក្សាសន្តិសុខ​ដែលមានសមាជិក ១៥រូប​ឆ្លើយតបក្នុង​សំឡេងតែមួយ​ ហើយ​អាមេរិក​​បានចោទប្រកាន់ជា​​ថ្មី​ថា​ ចិន និងរុស្ស៊ីកំពុង«​ពង្រឹង​អំណាច»​​ក្រុងព្យុងយ៉ាង តាម​រយៈ​ការរា​​រាំងសកម្មភាពរបស់ក្រុមប្រឹក្សានេះ​។

លោកស្រី គ្រីន​ហ្វៀល​ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា​​សន្តិ​សុខ​មួយ ​ដែល​ក្រុងវ៉ាស៊ីនតោន​បាន​កោះ​ប្រជុំ​ ដើម្បី​ពិភាក្សា​ពី​ការសាក​ល្បង​មីស៊ីល​របស់​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា​ថា «ការ​រាំង​ខ្ទប់​យ៉ាងម៉ឺងម៉ាត់​របស់សមាជិក​ទាំង២នេះ ​បាន​ធ្វើឱ្យតំបន់អាស៊ី​ឦសាន​ និង​ពិភពលោកទាំង​មូល​​ប្រឈម​នឹងហានិភ័យ​»

លោកស្រី គ្រីន​ហ្វៀល ​បាននិយាយថា អាមេរិក​នឹង​ផ្តល់ឱកាសមួយទៀត​ដល់​ក្រុមប្រឹក្សា​នេះ​ក្នុង​ការ​ជំរុញ​​ឱ្យ​កូរ៉េ​ខាង​ជើង​ទទួលខុសត្រូវ​ចំពោះ​វោហាសាស្ត្រដ៏គ្រោះថ្នាក់ និងសកម្ម​ភាព​ អស្ថិរភាពរបស់កូរ៉េ​ខាង​ជើង​ ហើយ​អាមេរិក​ក៏​នឹងស្នើឱ្យ​មានសេចក្តីថ្លែងការណ៍របស់ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ចំពោះសកម្មភាពដ៏គគ្លើន​របស់ទីក្រុងព្យ៉ុងយ៉ាងនេះផងដែរ។

លោក ហ្សាង ជុន (Zhang Jun) ឯកអគ្គរដ្ឋទូតចិនប្រចាំ​អង្គការសហប្រជាជាតិបាន​និយាយថា​ ប្រទេសចិនមានការព្រួយបារម្ភចំពោះ«ការកើនឡើងនៃភាពតានតឹង និងការប្រឈម​មុខដាក់គ្នា​កាន់តែខ្លាំង​»​នៅលើឧបទ្វីបកូរ៉េ​ ​ប៉ុន្តែបាននិយាយថា ក្រុមប្រឹក្សានេះ​​​គួរតែជួយ​បន្ធូរបន្ថយភាព​តានតឹង​ គឺ​មិនមែន​ចាំ​​តែថ្កោលទោស ឬ​ដាក់សម្ពាធលើ​ក្រុងព្យុងយ៉ាង​នោះឡើយ​​។​

លោក ហ្សាង បាននិយាយថា ក្រុងវ៉ាស៊ីនតោន​គួរតែទទួលយក​គំនិតផ្តួចផ្តើម និងដាក់ចេញ​នូវសំណើជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹង«កង្វល់ស្របច្បាប់»​​របស់កូរ៉េខាងជើង ហើយ​ថា គ្រប់​ភាគី​ទាំងអស់​គួរតែរក្សាភាពស្ងប់ស្ងាត់ ចេះ​អត់ធ្មត់ ​ធ្វើសកម្មភាពនិង​និយាយដោយប្រុងប្រយ័ត្ន ​និងជៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹង​និងនាំឱ្យមានការ​គណនា​ខុស ដើម្បី​ទប់ស្កាត់ស្ថានភាព​មិនឱ្យធ្លាក់ចូលទៅក្នុងស្ថានការណ៍ដ៏អាក្រក់មួយ​។

ចំណែក​ឯកអគ្គរដ្ឋទូតរង​របស់រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​គឺ​លោកស្រី ​អាណា អ៊ីវ​ស្ទីក​នីវ៉ា (Anna Evstigneeva)​ បានចោទ​ទីក្រុងវ៉ាស៊ីនតោន​ថា​ បាន​ព្យាយាមបង្ខំឱ្យកូរ៉េខាងជើង​រំសាយ​អាវុធ​ជា​​ឯកតោភាគី​ ទោះជារង​​ទណ្ឌកម្ម និងកម្លាំងក៏ដោយ ​ហើយបាន​បន្ទោស​ថា ការ​សាកល្បងមីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​គឺ​ដោយ​សារ​តែ​សមយុទ្ធយោធា​រវាង​​អាមេរិក និង​សម្ព័ន្ធមិត្តរបស់ខ្លួន​។​

អ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ​បាននិយាយថា​ ការ​ព្រាង​​​​សេចក្តី​ថ្លែងការណ៍​​របស់ប្រធាន​ក្រុម​ប្រឹក្សា​​នេះ ​​នឹងត្រូវចែករំលែកជាមួយក្រុមប្រឹក្សា​សន្តិសុខ​ក្នុង​ពេលឆាប់ៗនេះ ​ហើយការចរចានឹងត្រូវ​ធ្វើ​​បន្ទាប់​ពី​នោះ​​៕