សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួន បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលអន្តរទ្វីបកាលពីសប្តាហ៍មុន ដែលមានសមត្ថភាពអាចហោះទៅដល់ទឹកដីគោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហប្រជាជាតិគឺលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយថា វាសំខាន់ណាស់ដែលក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥រូបឆ្លើយតបក្នុងសំឡេងតែមួយ ហើយអាមេរិកបានចោទប្រកាន់ជាថ្មីថា ចិន និងរុស្ស៊ីកំពុង«ពង្រឹងអំណាច»ក្រុងព្យុងយ៉ាង តាមរយៈការរារាំងសកម្មភាពរបស់ក្រុមប្រឹក្សានេះ។
លោកស្រី គ្រីនហ្វៀល បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយ ដែលក្រុងវ៉ាស៊ីនតោនបានកោះប្រជុំ ដើម្បីពិភាក្សាពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាថា «ការរាំងខ្ទប់យ៉ាងម៉ឺងម៉ាត់របស់សមាជិកទាំង២នេះ បានធ្វើឱ្យតំបន់អាស៊ីឦសាន និងពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ»។
លោកស្រី គ្រីនហ្វៀល បាននិយាយថា អាមេរិកនឹងផ្តល់ឱកាសមួយទៀតដល់ក្រុមប្រឹក្សានេះក្នុងការជំរុញឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងសកម្មភាព អស្ថិរភាពរបស់កូរ៉េខាងជើង ហើយអាមេរិកក៏នឹងស្នើឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខចំពោះសកម្មភាពដ៏គគ្លើនរបស់ទីក្រុងព្យ៉ុងយ៉ាងនេះផងដែរ។
លោក ហ្សាង ជុន (Zhang Jun) ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភចំពោះ«ការកើនឡើងនៃភាពតានតឹង និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង»នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែបាននិយាយថា ក្រុមប្រឹក្សានេះគួរតែជួយបន្ធូរបន្ថយភាពតានតឹង គឺមិនមែនចាំតែថ្កោលទោស ឬដាក់សម្ពាធលើក្រុងព្យុងយ៉ាងនោះឡើយ។
លោក ហ្សាង បាននិយាយថា ក្រុងវ៉ាស៊ីនតោនគួរតែទទួលយកគំនិតផ្តួចផ្តើម និងដាក់ចេញនូវសំណើជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹង«កង្វល់ស្របច្បាប់»របស់កូរ៉េខាងជើង ហើយថា គ្រប់ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ចេះអត់ធ្មត់ ធ្វើសកម្មភាពនិងនិយាយដោយប្រុងប្រយ័ត្ន និងជៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹងនិងនាំឱ្យមានការគណនាខុស ដើម្បីទប់ស្កាត់ស្ថានភាពមិនឱ្យធ្លាក់ចូលទៅក្នុងស្ថានការណ៍ដ៏អាក្រក់មួយ។
ចំណែកឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិគឺលោកស្រី អាណា អ៊ីវស្ទីកនីវ៉ា (Anna Evstigneeva) បានចោទទីក្រុងវ៉ាស៊ីនតោនថា បានព្យាយាមបង្ខំឱ្យកូរ៉េខាងជើងរំសាយអាវុធជាឯកតោភាគី ទោះជារងទណ្ឌកម្ម និងកម្លាំងក៏ដោយ ហើយបានបន្ទោសថា ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង គឺដោយសារតែសមយុទ្ធយោធារវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
អ្នកនាំពាក្យបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ការព្រាងសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សានេះ នឹងត្រូវចែករំលែកជាមួយក្រុមប្រឹក្សាសន្តិសុខក្នុងពេលឆាប់ៗនេះ ហើយការចរចានឹងត្រូវធ្វើបន្ទាប់ពីនោះ៕