(ភ្នំពេញ)៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ក្រុមហ៊ុន Visa នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។
សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុន Visa នឹងសង្កត់ធ្ងន់លើព័ត៌មានវិភាគទិន្នន័យ ដែលជាធាតុបញ្ចូលមួយគាំទ្រដល់យុទ្ធសាស្ត្រទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញលំហូរទេសចរពីប្រទេសគោលដៅ ពោលគឺការប្រើកម្មវិធីផ្ទុក និងវិភាគព័ត៍មាន ហៅថា “Visa Destination Insights”។ កម្មវិធីនេះ មានលទ្ធភាពវិភាគទិន្នន័យប្រតិបត្តិការ VisaNet ដែលអនុញ្ញាតឱ្យយើងតាមដានឥរិយាបទ និងនិន្នាការនៃអ្នកធ្វើដំណើរ ទីតាំង និងប្រភេទផលិតផលទេសចរណ័៍ដែលពេញនិយម…។ល។ ដែលព័ត៌មានវិភាគទិន្នន័យអាចជួយដល់ការធ្វើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ជាងមុន។ កម្មវិធីនេះនឹងគាំទ្រដល់ក្រសួងក្នុងការសម្រេចបាននូវមហិច្ឆតា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ដែលផ្តោតលើទិន្នន័យ និងការច្នៃប្រឌិតឌីជីថលដំបូងគេបង្អស់។
Visa ក៏នឹងកំពុងពន្លឿនការទូទាត់តាមរយៈឌីជីថលក្នុងវិស័យទេសចរណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានចាប់ផ្តើមដោយធនាគារជាតិនៃកម្ពុជា តាមរយៈការអភិវឌ្ឍន៍កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា អត្រាកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ រកចំណូលបានប្រមាណជា ១,៧ពាន់លានដុល្លាសហរដ្ឋអាមេរិច ចូលទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីគាំទ្រនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារបស់ក្រសួងទេសចរណ៍ ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ខែសីហា ឆ្នាំ២០២៣ ដើម្បីជំរុញវិស័យទេសចរណ៍។ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទេសចរណ៍ថ្មីនេះ ហៅថា “BUILD Plus 3Ds” ត្រូវបានកំណត់ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ដែលមានសសរស្តម្ភសំខាន់ៗចំនួន ៤ សម្រាប់ឧស្សាហកម្ម ក្នុងនោះរួមមាន បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ឆ្នេរ ទេសចរណ៍ធម្មជាតិ និងកម្ពុជាស្អាត ហើយក្នុងចំណោមសសរស្តម្ភទាំងនេះ ទេសចរណ៍ឆ្នេរមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយពីឆ្នេរសមុទ្រដ៏អស្ចារ្យរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២២ វិស័យទេសចរណ៍ ទទួលបានប្រាក់ចំណូលសរុបចំនួន ១,១៤ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារក្នុងស្រុកបាន ១២,៤ ភាគរយ នៃការងារសរុប ហើយកាលពីឆ្នាំ ២០២៣ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាង ៥,៤ លាននាក់។ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៦លាននាក់ក្នុងឆ្នាំ ២០២៤ នេះ។
លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa មានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ ក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនទេសចរនៅកម្ពុជា។ ការដឹកនាំរបស់ក្រសួង គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយ ក្រុមហ៊ុន Visa ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការជួយពន្លឿននូវកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើកទឹកចិត្តឱ្យមានកិច្ចសហការក្នុងភាពជាដៃគូ និងការចូលរួមរវាងផ្នែកសារធារណៈនិងផ្នែកឯកជន ដើម្បីរៀបចំ និងអនុវត្តគម្រោង គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ខណៈដែលពួកគេបោះជំហានដឹកនាំដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនេះសម្រាប់ប្រទេសកម្ពុជា”។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា៖ “យើងទទួលស្គាល់ក្រុមហ៊ុន Visa ជាដៃគូសហការដ៏សំខាន់ក្នុងការជួយយើងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Visa ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួល និងជឿនលឿនសម្រាប់ភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក ក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ។ ការណ៍នេះនឹងជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍ដែលបានមកពីវិស័យទេសចរណ៍នឹងត្រូវបានបែងចែកយ៉ាងទូលំទូលាយនៅទូទាំងសង្គមរបស់យើង។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងនឹងកសាងវិស័យទេសចរណ៍ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់តែអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់របស់យើងផងដែរ។ កិច្ចសហការរបស់យើងមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ តែវាបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ភាពរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា”។
ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា អ្នកដំណើរកាន់តែច្រើនកំពុងប្រើប្រាស់កាតឥណទានរបស់ពួកគេ នៅពេលមកទស្សនាប្រទេសកម្ពុជា។ ផ្អែកលើក្រុមអ្នកប្រឹក្សា និង វិភាគរបស់ក្រុមហ៊ុន Visa (Visa Consulting & Analytics (VCA) លើការទូទាត់ដោយប្រើប្រាស់ទិន្នន័យរបស់ VisaNet បានបង្ហាញថា មានប្រតិបត្តិការច្រើនជាង ៦០ភាគរយ ត្រូវបានធ្វើឡើងតាមរយៈកាតឥណទាន ។
តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបង្ហាញផងដែរពីការចំណាយលើវិស័យទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន និងឥណ្ឌា មានការកើនឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាត ការណ៍នេះក្រុមហ៊ុន Visa ក៏សង្ឃឹមថានឹងអាចជួយជំរុញកំណើនឲ្យកាន់តែលឿន ដើម្បីគំាទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្តីពី «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»។
ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយក្រុមប្រឹក្សាទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមកំណើនរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Visa និង ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ៣ ឆ្នាំលើការស្រាវជ្រាវ និងវិភាគរួមគ្នា និងភាពជាដៃគូទីផ្សារ។ ក្រុមហ៊ុន Visa ក៏បានសហការជាមួយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃក្នុងការបង្កើនការទទួលយកការទូទាត់តាមរយៈឌីជីថលក្នុងទីក្រុងបាងកក និងទីក្រុងចំនួនប្រាំផ្សេងទៀតក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ផងដែរ។
ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ចដ៏រឹងមាំនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៦ភាគរយ នៅឆ្នាំ ២០២៤ កម្ពុជាបានបង្ហាញនូវឱកាសជាច្រើនលើការពង្រីកវិស័យទេសចរណ៍របស់ខ្លួន។ ទស្សនវិស័យវិជ្ជមាននេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេស។ បន្ថែមលើកំណើននេះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបបញ្ចប់ការសាងសង់កាលពីខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះជាដើម។ទាំងអស់នេះមិនត្រឹមតែអនុញ្ញាតិឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងបង្កើនជើងហោះហើរកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះទេ តែវាក៏បានបង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបសម្រាប់ភ្ញៀវអន្តរជាតិផងដែរ៕