Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Visa នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា

Media LNN | Sep 12, 2024
ក្រុមហ៊ុន Visa នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ក្រុមហ៊ុន Visa​ នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការ​ផ្លាស់​ប្តូ​រទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។

 

សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុន Visa នឹងសង្កត់ធ្ងន់លើព័ត៌មានវិភាគទិន្នន័យ ដែលជាធាតុបញ្ចូលមួយគាំទ្រដល់យុទ្ធសាស្ត្រទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញលំហូរទេសចរពីប្រទេសគោលដៅ ពោលគឺការប្រើកម្មវិធីផ្ទុក និងវិភាគព័ត៍មាន​ ហៅថា “Visa Destination Insights”។ កម្មវិធីនេះ មានលទ្ធភាពវិភាគទិន្នន័យប្រតិបត្តិការ VisaNet ដែលអនុញ្ញាតឱ្យយើងតាមដានឥរិយាបទ និងនិន្នាការនៃអ្នកធ្វើដំណើរ​ ទីតាំង និងប្រភេទផលិតផលទេសចរណ័៍ដែលពេញនិយម…។ល។ ដែលព័ត៌មានវិភាគទិន្នន័យអាចជួយដល់ការធ្វើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ជាងមុន។ កម្មវិធីនេះនឹងគាំទ្រដល់ក្រសួងក្នុងការសម្រេចបាននូវមហិច្ឆតា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ដែលផ្តោតលើទិន្នន័យ និងការច្នៃប្រឌិតឌីជីថលដំបូងគេបង្អស់។

 

Visa ក៏នឹងកំពុងពន្លឿនការទូទាត់តាមរយៈឌីជីថលក្នុងវិស័យទេសចរណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានចាប់ផ្តើមដោយធនាគារជាតិនៃកម្ពុជា តាមរយៈការអភិវឌ្ឍន៍កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»​ ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា អត្រាកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ​ ២០២៤ រកចំណូលបានប្រមាណជា ១,៧ពាន់លានដុល្លាសហរដ្ឋអាមេរិច ចូលទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
Untitled-2.png10

ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីគាំទ្រនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារបស់ក្រសួងទេសចរណ៍ ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ខែសីហា ឆ្នាំ២០២៣ ដើម្បីជំរុញវិស័យទេសចរណ៍។​ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទេសចរណ៍ថ្មីនេះ ហៅថា “BUILD Plus 3Ds” ត្រូវបានកំណត់ដើម្បីជំរុញការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍នៅកម្ពុជា ដែលមាន​សសរស្តម្ភ​សំ​ខាន់ៗ​ចំនួន ៤ សម្រាប់​ឧស្សាហកម្ម ក្នុងនោះរួមមាន បេ​តិក​ភណ្ឌ​វប្បធម៌ ទេសចរណ៍​ឆ្នេរ ​ទេសចរណ៍ធម្មជាតិ និង​កម្ពុជា​ស្អាត ហើយក្នុងចំណោម​សសរស្តម្ភ​ទាំងនេះ ទេសចរណ៍​ឆ្នេរ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ក្នុងការផ្សព្វផ្សាយពី​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ​ ២​០​២​២​ វិ​ស័​យ​ទេសចរណ៍​ ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​១​,​១​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​បង្កើត​ការងារ​ក្នុងស្រុក​បាន​ ​១​២​,​៤​ ​ភាគរយ​ នៃ​ការងារ​សរុប​ ហើយកាលពីឆ្នាំ​ ២០២៣ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ជាង​ ​៥​,​៤​ ​លាន​នាក់​។ ​ក្រសួង​ទេសចរណ៍​រំពឹង​ថា ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៦,៦លាននាក់ក្នុង​ឆ្នាំ​ ​២​០​២​៤ នេះ។​

22

លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa មានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ ក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនទេសចរនៅកម្ពុជា។ ការដឹកនាំរបស់ក្រសួង គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយ ក្រុមហ៊ុន Visa ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការជួយពន្លឿននូវកិច្ចខិតខំប្រឹងប្រែងទាំងនោះ។​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើកទឹកចិត្តឱ្យមានកិច្ចសហការក្នុងភាពជាដៃគូ និងការចូលរួមរវាងផ្នែកសារធារណៈនិងផ្នែកឯកជន ដើម្បីរៀបចំ និងអនុវត្តគម្រោង គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ខណៈដែលពួកគេបោះជំហានដឹកនាំដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនេះសម្រាប់ប្រទេសកម្ពុជា”។

23

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា៖​ “យើងទទួលស្គាល់ក្រុមហ៊ុន Visa ជាដៃគូសហការដ៏សំខាន់ក្នុងការជួយយើងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Visa ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួល និងជឿនលឿនសម្រាប់ភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក ក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ។ ការណ៍នេះនឹងជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍ដែលបានមកពីវិស័យទេសចរណ៍នឹងត្រូវបានបែងចែកយ៉ាងទូលំទូលាយនៅទូទាំងសង្គមរបស់យើង។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងនឹងកសាងវិស័យទេសចរណ៍ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់តែអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់របស់យើងផងដែរ។​ កិច្ចសហការរបស់យើងមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ  តែវាបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ភាពរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា”។

ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា អ្នកដំណើរកាន់តែច្រើនកំពុងប្រើប្រាស់កាតឥណទានរបស់ពួកគេ នៅពេលមកទស្សនាប្រទេសកម្ពុជា។ ផ្អែកលើក្រុមអ្នកប្រឹក្សា និង វិភាគរបស់ក្រុមហ៊ុន Visa (Visa Consulting & Analytics (VCA) លើការទូទាត់ដោយប្រើប្រាស់ទិន្នន័យរបស់ VisaNet បានបង្ហាញថា មានប្រតិបត្តិការច្រើនជាង ៦០ភាគរយ ត្រូវបានធ្វើឡើងតាមរយៈកាតឥណទាន ។

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបង្ហាញផងដែរពីការចំណាយលើវិស័យទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន និងឥណ្ឌា មានការកើន​ឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាត ការណ៍នេះក្រុមហ៊ុន Visa ក៏សង្ឃឹមថានឹងអាចជួយជំរុញកំណើនឲ្យកាន់តែលឿន ដើម្បីគំាទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្តីពី «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»។

24

ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយក្រុមប្រឹក្សាទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមកំណើនរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០២០​ ក្រុមហ៊ុន Visa និង ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ៣ ឆ្នាំលើការស្រាវជ្រាវ និងវិភាគរួមគ្នា និងភាពជាដៃគូទីផ្សារ។ ក្រុមហ៊ុន Visa ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​ក្នុង​ការ​បង្កើន​ការ​ទទួល​យក​ការ​ទូទាត់​តាមរយៈ​ឌីជីថល​ក្នុង​ទីក្រុង​បាងកក និង​ទីក្រុង​ចំនួន​ប្រាំ​ផ្សេង​ទៀត​ក្នុង​គោល​បំណង​ជំរុញ​វិស័យ​ទេសចរណ៍ផងដែរ។

25

ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ចដ៏រឹងមាំនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៦ភាគរយ នៅឆ្នាំ ២០២៤ កម្ពុជាបានបង្ហាញនូវឱកាសជាច្រើនលើការពង្រីកវិស័យទេសចរណ៍របស់ខ្លួន។ ទស្សនវិស័យវិជ្ជមាននេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេស។ បន្ថែមលើកំណើននេះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបបញ្ចប់ការសាងសង់កាលពីខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះជាដើម។ទាំងអស់នេះមិនត្រឹមតែអនុញ្ញាតិឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងបង្កើនជើងហោះហើរកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះទេ តែវាក៏បានបង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបសម្រាប់ភ្ញៀវអន្តរជាតិផងដែរ៕