(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញសម្រេចបានទឹកប្រាក់ជាង ៥.៧ពាន់លានដុល្លារអាមេរិក កើនឡើង២៥.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា កម្ពុជាទទួលបានទឹកប្រាក់ពីការនាំចេញទំនិញសំខាន់ចំនួនជាង ៥ ៧១៦ លានដុល្លារអាមេរិក កើនឡើង ២៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនជាង ៤ ៥៤៩លានដុល្លារ ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញមានតម្លៃ ៧ ៤៤៥ លានដុល្លារ ថយចុះ០.៩%។
ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញផលិតផលរួមមាន៖ នាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ២ ១៥០លានដុល្លារ កើនឡើង៤៣.៧%, វៀតណាម ចំនួន ៧៥៨លានដុល្លារ កើនឡើង៣.៩%, ថៃចំនួន៣១៨ កើនឡើង២៨%, ចិនចំនួន៣២១លានដុល្លារ និងជប៉ុនចំនួន ៣០៥លានដុល្លារ។
ក្នុងរយៈពេលបីខែនេះ កម្ពុជាបាននាំចេញសំលៀកបំពាក់តម្លៃ ២ ១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤ លានដុល្លារ, សម្ភារៈធ្វើពីស្បែកសត្វចំនួន ៤៩៥លានដុល្លារ, ស្បែកជើងចំនួន ៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លានដុល្លារ, បន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ , គុជខ្យង និងត្បូងមានតម្លៃ ចំនួន ៩១លានដុល្លារ ,កៅស៊ូ ចំនួន១១៧លានដុល្លាររួមនឹងផលិតផលសំខាន់ៗផ្សេងទៀត។
បណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអ្នកជំនាញសេដ្ឋកិច្ច មានបញ្ជាក់ថា កំណើននៃការនាំចេញទំនិញក្នុងត្រីមាសទី១នេះ ដោយសារការបញ្ជាទិញកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសធំៗមួយចំនួន បានចាប់ផ្តើមបើកប្រទេសឡើងវិញ ដែលនាំឱ្យមានតម្រូវការទំនិញកើនឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលម្អនូវច្បាប់ លក្ខខណ្ឌគតិយុត្តិ ទាក់ទងនឹងសកម្មភាពវិនិយោគផ្សេងៗនៅក្នុងស្រុក ជំរុញដល់ការផលិតនាំចេញតាមតម្រូវការ។
លោកបន្ថែមថា ដើម្បីជំរុញកំណើននាំចេញ កម្ពុជាក៏គួរស្វែងទីផ្សារថ្មី នៅតាមប្រទេសតូចៗបន្ថែមលើទីផ្សារ ដែលកម្ពុជានាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗផងដែរ។ ទន្ទឹមនឹងកម្ពុជាបានកែលម្អច្បាប់វិនិយោគ ដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាមានសមត្ថភាពផលិតផ្គត់ផ្គង់ នូវវត្ថុធាតុដើមចូលក្នុងខែច្រវ៉ាក់ផលិតកម្ម ជំនួសទៅទំនិញធាតុចូលទាំងឡាយណា ដែលកម្ពុជាអាចផលិតបាន ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា កម្ពុជាគួរកាត់បន្ថយការនាំចូលទំនិញពីទីផ្សារអន្តរជាតិ តាមរយៈការកាត់បន្ថយការនាំចូលម្ហូបអាហារ ជំរុញការផលិតនៅក្នុងស្រុកឱ្យកាន់តែប្រសើរ។
លោកពន្យល់បន្តថា «ការកាត់បន្ថយការទំនិញនាំចូលពីទីផ្សារអន្តរជាតិ ទី១. គឺយើងអាចធ្វើការកាត់បន្ថយនាំចូលទំនិញម្ហូបអាហារ និងស្បៀងអាហារ តាមរយៈការដាក់ឱ្យប្រើប្រាស់ច្បាប់សុវត្ថិភាពចំណីអាហារ ជំរុញការផលិតក្នុងឱ្យកាន់តែប្រសើរ និងដាក់របាំងនៃការនាំចូល តាមរយៈបច្ចេកទេស ដែលអាហារមួយចំនួនមិនអនុញ្ញាតឱ្យនាំចូលតាមលក្ខខណ្ឌបច្ចេកទេសរបស់សុវត្ថិភាពចំណីអាហារនោះ យើងអាចទប់ស្កាត់បាន លើកម្ពស់ការផលិតនៅក្នុងស្រុក និងជំរុញវិស័យ SME ឱ្យមានដំណើរការល្អ»៕