ព្រមជាមួយគ្នានេះ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានសម្តែងកង្វល់ផងដែរចំពោះការព្យាបាលទៅលើសកម្មជនប្រឆាំង។
ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅចក្រភពអង់គ្លេសបាននិយាយថា លោក Navalny បានកំពុងស្វែងរកការយកចិត្តទុកដាក់ និងមិនអនុញ្ញាតឲ្យស្លាប់នៅក្នុងគុកទេ។
អ្នករិះគន់លេចធ្លោលើលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន លោក Navalny អាយុ៤៤ឆ្នាំត្រូវបានដាក់ពន្ធនាគារកាលពីខែកុម្ភៈពីបទចោកប្រកាន់កេងបន្លំប្រាក់ចាស់ដែលលោកបានអះអាងថា ជាហេតុផលនិយោបាយ។
លោកបានធ្វើកូដកម្មអត់អាហារកាលពីថ្ងៃទី៣១ ខែមីនា ជាការតវ៉ា ដែលក្រុមគ្រូពេទ្យរបស់លោកមិនបានឃើញ ហើយវេជ្ជបណ្ឌិតរបស់លោកនិយាយថា លទ្ធផលធ្វើតេស្តឈាមថ្មីៗនេះបង្ហាញថា គាត់មានបញ្ហាខ្សោយតម្រងនោម និងឈានដល់ការឈឺចាប់ដល់បេះដូងក្នុងពេលណាមួយ។
កាលពីថ្ងៃអាទិត្យប្រទេសមួយចំនួនបានរួមគ្នាតវ៉ាជាអន្តរជាតិប្រឆាំងនឹងការព្យាបាលរបស់លោក Navalny នៅក្នុងពន្ធនាគារ ប្រទេសរុស្ស៊ី នៅតំបន់ Pokrov ដែលមានចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងមូស្គូ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា នឹងមានផលលំបាក ប្រសិនបើលោក Navalny ស្លាប់ ហើយរុស្ស៊ីនឹងទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ខណៈលោកប្រធានាធិបតី ចៃ បៃដិន បាននិយាយថា ការព្យាបាលរបស់គាត់គឺអយុត្តិធម៌ទាំងស្រុង និងមិនសមរម្យទាល់តែសោះ។
សហរដ្ឋអាមេរិកកំពុងមានជម្លោះការទូតជាមួយរុស្ស៊ីជុំវិញការពុលថ្នាំស្ទើរតែស្លាប់របស់លោក Navalny កាលពីឆ្នាំមុន ដែលត្រូវបានរកឃើញថា ជាភ្នាក់ងារគីមី Novichock។
មេដឹកនាំសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងមានកិច្ចពិភាក្សាពីស្ថានភាពនេះនៅថ្ងៃចន្ទនេះ ហើយលោក Josep Borrell ដែលជាទូតប្រចាំប្លុកនេះនិយាយថា EU មានការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំនាវនាវឲ្យអាជ្ញាធរពន្ធនាគារអនុញ្ញាតឲ្យក្រុមវេជ្ជបណ្ឌិតរបស់លោក Navalny បានចូលទៅព្យាបាលបន្ទាន់។
កូនស្រីរបស់លោក Navalny អាយុ២០ឆ្នាំឈ្មោះ Daria Navalnaya ដែលកំពុងរៀននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកសរសេរតាម Twitter ថា ៖«សូមអនុញ្ញាតឲ្យវេជ្ជបណ្ឌិតម្នាក់ទៅមើលប៉ារបស់ខ្ញុំ»។
ប្រពន្ធរបស់លោក Navalny បាននិយាយថា ប្តីរបស់គាត់បានស្រកទម្ងន់៩គីឡូចាប់តាំងពីធ្វើកូដកម្មអត់អាហារមក។
កាលពីថ្ងៃពុធ អ្នកគាំទ្រលោក Navalny នៅប្រទេសរុស្ស៊ីបានជួបជុំធ្វើការតវ៉ាទូទាំងប្រទេសមួយ និងបាននិយាយថា ៖«ក្នុងកាលៈទេសៈ អ្នកត្រូវចាត់វិធានការបន្ទាន់ បើពុំនោះទេ អ្វីដែលមិនអាចដោះស្រាយបាននឹងកើតមានឡើង»។
លោកវេជ្ជបណ្ឌិត Alexander Polupan ដែលបានព្យាបាល Navalny បន្ទាប់ពីត្រូវថ្នាំពុលប្រភេទភ្នាក់ងារគីមី Novichock កាលពីឆ្នាំមុននិយាយថា លទ្ធផលធ្វើតេស្តឈាមបានបង្ហាញយ៉ាងច្បាស់ថា គាត់ត្រូវការព្យាបាលបន្ទាន់ ឬក៏គាត់នឹងស្លាប់ក្នុងរយៈពេលពីរថ្ងៃខាងមុខ៕
ប្រភព៖ BBC