
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
ជាកិច្ចចាប់ផ្តេីម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ(CARD) និងអង្គការ(GIZ) ចំពោះកិច្ចសហការល្អក្នុងការរៀបចំវេទិកាសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗគ្នាលើវិស័យកសិកម្ម អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ ដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្សជាតិ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
បេីតាម ឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្ននេះកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោកទៀតផង។ ភាពជោគជ័យនេះ ត្រូវបានជំរុញដោយការពង្រីកដីបង្កបង្កើនផល តាមរយៈបន្តកិច្ចខិតខំប្រឹងប្រែងបោសសម្អាត កែលម្អប្រព័ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកបច្ចេកវិទ្យាទំនើប រួមទាំងការអភិវឌ្ឍន៍ និងការប្រើប្រាស់ពូជដំណាំសុទ្ធដែលប្រសើរឡើងជាដើម។
លេីសពីនេះ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាយ៉ាងរឹងមាំក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយប្រសិទ្ធភាព ភាពធន់ និរន្តរភាព និងកំណត់សកម្មភាពដើម្បីធានានិរន្តរភាពបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរក្សាស្ថិរភាព ថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មទូទាំងប្រទេសចំនួន ១៦០០នាក់ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលទាំងអស់នេះត្រូវបានអនុវត្តជាជំហានៗ និងសម្រេចបាននូវលទ្ធផលសំខាន់ថ្មីៗជាបន្តបន្ទាប់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហភាពអឺរ៉ុប(EU) អង្គការ(GIZ) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បន្តនូវគំនិតផ្តួចផ្តើមបន្ថែមទៀតដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាឆ្លាតវៃ ការផ្តល់ការវិនិយោគអភិវឌ្ឍន៍បន្ថែម និងការផ្តល់ហិរញ្ញប្បទានដល់ភាគីពាក់ព័ន្ធសំខាន់ៗ ការទទួលបានទីផ្សារ ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ការសម្របសម្រួលពាណិជ្ជកម្ម គោលការណ៍លើកទឹកចិត្តទីផ្សារ និងឱកាសផ្សេងៗបន្ថែមផ្សេងទៀត៕