គណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែ និងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀនមួយក្រុម ដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសកម្ពុជា។
ការបង្ហាញចំណាប់អារម្មណ៍នេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) ។
លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តការពារសន្តិភាព បន្តការអភិវឌ្ឍហើយ ការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការជឿទុកចិត្តលើរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ។
លោក ជា វុទ្ធី បានរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានា ដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។
ក្នុងន័យនេះ លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។
ជាងនេះទៀតលោក សង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៣ ពោលគឺមានការកើនឡើង ១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៦.៩ពាន់លានដុល្លារ។ ដោយនៅក្នុងរយៈពេល ៧ខែ ឆ្នាំនេះ ការនាំចេញរបស់កម្ពុជា ទៅចិនមានតម្លៃ ៨១៤លានដុល្លារ និងនាំចូលមានចំនួនជាង ៦.២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕