សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានអះអាងថា ការនាំចេញអាហារសមុទ្រសរុបសម្រាប់ឆ្នាំ ២០២៣ រំពឹងសម្រេចបានប្រហែល ៩ពាន់លានដុល្លារអាមេរិក ស្រោចស្រង់ដោយការកើនឡើងតម្រូវការនៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានរាយការណ៍ថា ការនាំចេញបង្គាបានធ្លាក់ចុះ ២៨% នៅក្នុងត្រីមាសទី ២ ប៉ុន្តែការធ្លាក់ចុះនេះត្រូវបានរួមតូចមកត្រឹម ១៣% នៅក្នុងត្រីមាសទី ៣។
ដោយឡែកការនាំចេញត្រីប្រា បានធ្លាក់ចុះ ១២% នៅក្នុងត្រីមាសទី ៣ ធៀបនឹងការធ្លាក់ចុះ ៤១% នៅក្នុងត្រីមាសទី ២ គឺថាប្រសើរឡើង ខណៈមានតែការនាំចេញក្តាម បានកើនឡើង ២%។
ការនាំចេញគ្រឿងសមុទ្រសរុបនៅក្នុងត្រីមាសទី ៣ បានធ្លាក់ចុះ ១២% ដែលជាការធ្លាក់ចុះប្រចាំត្រីមាសតូចបំផុត រហូតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២៣នេះ។
អ្នកនាំចេញគ្រឿងសមុទ្រវៀតណាម បានមើលឃើញការកើនឡើងនៃតម្រូវការពី ប៉ែកមជ្ឈិមបូព៌ា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងអតិផរណា។
ជាចុងក្រោយ របាយការណ៍របស់សមាគម បានបញ្ជាក់ថា គោលដៅប្រចាំឆ្នាំចំនួន ៩ពាន់លានដុល្លារគឺអាចសម្រេចបាន បើទោះជាមាន ការព្យាករពី ការធ្លាក់ចុះសរុបនៃការនាំចេញចំនួន ១៧% ក៏ដោយ៕