Alynana Media Cambodia
Icon Collap
clinic narit

ស្នើសុំមាតាបិតាសិស្សឈប់គិតថា យកកូនមករៀនសាលាមត្តេយ្យ គ្មានចេះអ្វីក្រៅពីច្រៀង និងរាំ

Admin Alynana | Mar 13, 2020
ស្នើសុំមាតាបិតាសិស្សឈប់គិតថា យកកូនមករៀនសាលាមត្តេយ្យ គ្មានចេះអ្វីក្រៅពីច្រៀង និងរាំ
Clinic narith
គ្រូបង្រៀនសាលាមត្តេយ្យគំរូ ស្នើសុំមាតាបិតាសិស្សឈប់គិតថា យកកូនមករៀនសាលាមត្តេយ្យ គ្មានចេះអ្វីក្រៅពីច្រៀង និងរាំ
(បាត់ដំបង)៖ អ្នកគ្រូ ភាព គឹមហេង គ្រូបង្រៀនសាលាមត្តេយ្យធនធានក្រុងបាត់ដំបង ដែលជាសាលាមត្តេយ្យមួយដែល JICA កំពុងរៀបចំឱ្យក្លាយជាសាលាមត្តេយ្យគំរូ បានអំពាវនាវដល់អាណាព្យាបាល សិស្សកុមារទាំងអស់ មេត្តាប្តូរការគិតថា យកកូនមកសាលាគឺ គ្មានទទួលបានចំណេះអ្វី នៅមត្តេយ្យសិក្សាមានតែរាំ និងច្រៀង គ្មានចេះសរសេរអក្សរ ឬអានអក្សរនោះទេ។
អ្នកគ្រូបញ្ជាក់ថា ការចេះសរសេរអក្សរ ឬអានអក្សរ គឺជាតួនាទីនៃការបង្រៀនរបស់ថ្នាក់ទី១ នៃថ្នាក់បឋមសិក្សា មិនមែនថ្នាក់មត្តេយ្យនោះទេ។ ប៉ុន្តែប្រសិន បើអាណាព្យាបាលកុមារទាំងអស់ ងាយមកពិនិត្យមើលការអភិវឌ្ឍរបស់កុមារតូចវិញ នឹងឃើញថា សកម្មភាពចម្រៀង និងតន្រ្តីនោះហើយ ដែលធ្វើឲ្យកុមារតូចមាន ការរីកចម្រើនដូចជា៖ មានសុជីវធម៌ និងសីលធម៌ល្អ ស្គាល់ពីវប្បធម៌ រូបរាងកាយមានការលូតលាស់ រស់នៅមានអនាម័យ ចេះគិតត្រិះរិះពិចារណា វិភាគ មានភាពក្លាហាន ពិសេសការប្រើប្រាស់ពាក្យពេចន៍ ភាសាក្នុងការទំនាក់ទំនងគឺច្បាស់ៗ។
អ្នកគ្រូ ភាព គឹមហេង បានលើកឡើងស្នើយ៉ាងដូចនេះ នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលដឹកនាំដោយJICA ដើម្បីចុះពិនិត្យមើលគម្រោងបង្កើត បណ្ណាល័យមត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបង។
អ្នកគ្រូបង្រៀនសាលាមត្តេយ្យគំរូរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីទាក់ទាញកុមារឲ្យចូលចិត្តចង់មកសាលាគ្រូមត្តេយ្យសិក្សា គ្រូត្រូវចំថ្នាក់រៀនឲ្យមានសោភណ្ឌភាព សម្ភារៈបង្រៀន និងរៀនត្រូវមានលក្ខណៈសម្បូរបែប សម្របទៅតាមវ័យ ដើម្បីឲ្យកុមារតូចអាចអភិវឌ្ឍន៍វិស័យទាំង៥គឺ ការអភិវឌ្ឍផ្នែករូបរាងកាយ និងសុខភាព, ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌, ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍, ការអភិវឌ្ឍផ្នែកពិចារណា និងការយល់ដឹង, និងការអភិវឌ្ឍផ្នែកភាសា ឲ្យត្រូវគោលការណ៍ នៃមត្តេយ្យសិក្សាគឺ «រៀន គឺលេង លេង គឺរៀន»។ ទន្ទឹមនឹងនេះដែរគ្រូត្រូវប្រកាន់ខ្ជាប់នូវធម៌ទាំង៤គឺ មេតា្ត ករុណា មុទិតា ឧបេក្ខា ព្រោះកុមារតូចមានបម្រុងប្រយ័ត្នទាប។
អ្នកគ្រូបានបន្ថែមទៀតថា គ្រូត្រូវមានភាពអំណត់ព្យាយាម ភាពទាក់ទាញ រួសរាយរាក់ទាក់ សិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់កុមារ ផ្តល់ក្តីស្រឡាញ់ មើលថែទាំ យកចិត្តទុកដាក់ មានទំនួលខុសត្រូវខ្ពស់ និងត្រូវបកស្រាយរាល់ចម្ងល់របស់កុមារ។ ពិសេសគ្រូមត្តេយ្យជាម្តាយទី២ ជាអ្នកតម្រង់ទិស មានតួនាទីជាអ្នកអប់រំកុមារតូច ឲ្យក្លាយជាទំពាំងស្នងឬស្សី ព្រោះកុមារទាំងអស់នេះ និងក្លាយទៅជាធនធានដ៏សំខាន់នៃការអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត។ មួយវិញទៀតសូមឲ្យ អាណាព្យាបាលទាំងអស់ ចូលរួមគ្រប់សកម្មភាព ឬផែនការ ដែលសាលាស្នើសុំទាក់ទងនឹងការអភិវឌ្ឍរបស់កុមារតូចផងដែរ៕