យោងតាមគេហទំព័រ Facebook រដ្ឋបាលរាជធានីភ្នំពេញបានសរសេរថា «កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកយ៉ាងទូលំទូលាយ» ។
នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចែកសម្ភារៈការពារ និងបង្ការមេរោគកូវីដ១៩ ជូនរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយរដ្ឋបាលសង្កាត់នីមួយៗទទួលបានអាល់កុល០១កាន រដ្ឋបាលខណ្ឌនីមួយៗទទួលអាល់កុល០៣កាន សរុបអាល់កុល១៤៧កាន រដ្ឋបាលខណ្ឌនិងសង្កាត់ទទួលបានម៉ាស់៤០.០០០ម៉ាស់ និងជែលលាងសម្អាតដៃ៥០០ដប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់រដ្ឋបាលខណ្ឌសង្កាត់៕