អាជីវកម្មតម្បាញសូត្រហូលផាមួងនិងក្រមាខ្មែរដែលជាធម្មតាតែងមានទីផ្សារល្អខ្លាំងនៅពេលពិធីបុណ្យចូលឆ្នាំខ្មែរ ជិត ចូលមកដល់នោះនាពេលនេះកំពុងធ្លាក់ចុះយ៉ាងគំហុកដែល ធ្វើឲ្យអ្នកក្នុងវិស័យនេះព្រួយបារម្ភយ៉ាងខ្លាំង ។
ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមកដល់នាសប្តាហ៍ក្រោយគឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ខែមេសាដែល ជារៀងរាល់ឆ្នាំនៅពេល ចូលឆ្នាំថ្មីជិតចូលមកដល់ប្រជាជនខ្មែរតែងតែនាំគ្នា ទិញហូលផាមួងនិងស៊ឹងជាដើមយកទៅជូនឪពុកម្តាយនិង បងប្អូនសម្រាប់ប្រើប្រាស់ក្នុងពេលចូលឆ្នាំថ្មីតែ ឆ្នាំនេះ គឺ មិនមាន សកម្មភាពបែបនេះទេព្រោះការបារម្ភពីការឆ្លងកូវីដ១៩ ។
អ្នកស្រី ចេនសុភាព ស្ថាបនិកនិងជាប្រធានសមាគមកីតម្បាញខ្មែរបានប្រាប់កាលពី ថ្ងៃចន្ទ ថាបច្ចុប្បន្ននេះអាជីវកម្មទាក់ទងនឹង ការលក់ផលិតផលពីតម្បាញខ្មែរដែលមានដូចជា ក្រមា និង ហូលផាមួងជាដើមកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកស្រី លើកឡើងថាកាលពីមុលនៅពេលដែលរដូវ បុណ្យទាន និង ពិធី រៀបអាពាហ៍ពិពាហ៍ ជិតចូលមកដល់ទាំង អ្នកលក់និង អ្នកត្បាញគឺមានភាពមមាញឹកខ្លាំងប៉ុន្តែនៅ ឆ្នាំនេះសកម្មភាព ទាំងអស់នោះមិនមានទៀតទេ ។
អ្នកស្រី ថ្លែងថា ៖ « ការលក់នាអំឡុងមុនពេលចូលឆ្នាំខ្មែរនៅពេលនេះបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩គឺធ្លាក់ចុះប្រមាណ៨០ភាគរយ » ។
បើតាម អ្នកស្រីសុភាពកាលពីឆ្នាំមុននាអំឡុង មុន ចូលឆ្នាំ ខ្មែរ ក្នុង ១ ខែអ្នកស្រីអាចលក់ផលិតផលពីតម្បាញបានពី៤០០-៥០០សំពត់។
អ្នកស្រីបន្តថា ៖« តាមពិតទៅ ការលក់បានចាប់ផ្តើម ធ្លាក់ចុះតាំងពីដើមឆ្នាំមកម្ល៉េះប៉ុន្តែវារឹតតែធ្ងន់បន្ថែមទៀតនាពេលជំងឺកូវីដ១៩រីករាលដាលកាន់តែខ្លាំងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ » ។
ដោយសារតម្រូវការប្រើប្រាស់មានការធ្លាក់ចុះខ្លាំងបច្ចុប្បន្នការផលិតក៏ត្រូវផ្អាកសកម្មភាពផងដែរ ។ អ្នកស្រី សុភាព បាន និយាយថា ៖ « ជាមួយ នឹង ការលក់ ធ្លាក់ចុះ នេះ ខ្ញុំ ក៏បាន ជំរុញ ឲ្យ សមាជិកក្នុងសមាគមរបស់ខ្ញុំផ្អាក សកម្មភាពត្បាញជាង៣សប្តាហ៍ មកហើយ » ។
អ្នកស្រី សានវណ្ណារីម្ចាស់ហាងSilk Houseដែលមានលក់វត្ថុអនុស្សាវរីយ៍និងសម្លៀកបំពាក់ធ្វើពីសូត្រ ហូល និង ផាមួង បាន ប្រាប់ថា វិបត្តិ នៃ ការផ្ទុះ ជំងឺ កូវីដ ១៩ បាន ធ្វើឲ្យ អាជីវកម្ម របស់គាត់ធ្លាក់ដល់សូន្យព្រោះតែអតិថិជនភាគច្រើនរបស់គាត់គឺជាភ្ញៀវទេសចរបរទេស ។ អ្នកស្រីថ្លែងថា ៖ « នេះ ជាដំណាក់កាលលំបាកបំផុតដោយមានផលិតផលជាច្រើននៅសល់ក្នុងស្តុក បើទោះបីខ្ញុំព្យាយាមបើកលក់តាមរយៈអនឡាញបន្ថែមក៏ដោយ » ។» ។
អ្នកស្រី បន្តថា បើ វិបត្តិ នេះ អូស បន្លាយពេល យូរ ទៅមុខទៀតអ្នកស្រីនឹងត្រូវជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរហេតុនេះអ្នកស្រីស្នើឲ្យអាជ្ញាធរ ក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ នានា សូមជួយ ពិនិត្យ លទ្ធភាព ក្នុង ការផ្តល់ប្រាក់ កម្ចី ឲ្យ បាន កាន់តែ ធំ ទូលាយ បន្ថែមទៀត សម្រាប់ អាជីវកម្ម ខ្នាតតូច និង មធ្យម ។
ទោះយ៉ាងណា ក្នុង ដំណាក់កាល ដ៏លំបាក នេះ ម្ចាស់ អាជីវកម្ម ទាំង២ខាងលើ សុទ្ធតែបាន អះអាងថាពួកគាត់កំពុងព្យាយាម ដោះស្រាយបញ្ហាតាមរយៈការយកផលិតផលដែលមានមកដេរជា ម៉ាស់ និង សម្ភារ ប្រើប្រាស់ ក្នុងផ្ទះ ដែល មាន គុណភាព ល្អ សម្រាប់ ដាក់លក់ ផងដែរ ។ ការធ្វើបែបនេះគឺដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់ក្រុមហ៊ុនជាពិសេសដើម្បីចៀសវាង ការកាត់បន្ថយ បុគ្គលិក ។
ម្ចាស់ហាងកាត់ដេរមួយក្នុងខណ្ឌសែនសុខលោក ចិនសុភា បាននិយាយមិនត្រឹមតែការលក់ផលិតផលសូត្រ,ហូល និង ផាមួង ធ្លាក់ចុះ ទេសូម្បីតែហាងរបស់លោកក៏មិនមានភ្ញៀវដែរខណៈក្នុង រយៈពេលដូចគ្នានេះកាលពីឆ្នាំមុនលោកមិនមានពេលកាត់ឲ្យភ្ញៀវឡើយ។ លោក បាន និយាយថា ៖ « ពេលនេះ កាលពីឆ្នាំមុនខ្ញុំមិនទទួលភ្ញៀវទេព្រោះមិនមាន ពេលកាត់ឲ្យគេឡើយ » ។
បើយោងតាមរបាយការណ៍យុទ្ធសាស្ត្រសូត្រជាតិឆ្នាំ២០១៦-២០២០ការផលិតសរសៃសូត្រនៅកម្ពុជាមានបរិមាណត្រឹមតែ១ភាគរយប៉ុណ្ណោះនៃតម្រូវការប្រើប្រាស់សរុប ក្នុងស្រុកខណៈការនាំចូលមានបរិមាណរហូតដល់៩៩ភាគរយដែលស្មើនឹងជាង៤០០តោនក្នុង១ឆ្នាំ៕