ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃនៅតែមានកំណើនល្អ ទោះបីជាប្រទេសថៃបានប្រកាសបិទការធ្វើចរាចរណ៍ក្នុងប្រទេសនេះចាប់តាំងពីសប្ដាហ៍មុនក៏ដោយ។ ទោះបីយ៉ាងណាមន្ដ្រីអះអាងថា ការរីករាលដាលជំងឺកូវីដ១៩ នឹងប៉ះពាល់ដល់ក្តីប្រាថ្នារបស់មេដឹកនាំប្រទេសទាំង ២ ដែលចង់ឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ។
យោងតាមកាសែតរបស់ថៃ The Nationដែលបានរាយការណ៍កាលពីថ្ងៃទី១ខែមេសាដោយដកស្រង់សម្តីរបស់លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានឲ្យដឹងថា ពាណិជ្ជកម្មឆ្លងព្រំដែនជាមួយកម្ពុជាមានចំនួន៣៣,៩០៤ ពាន់លានបាត (១ ០៣៤,៧លានដុល្លារ) កើនឡើង ១៥,៦៦ ភាគរយនៅរយៈពេល ២ ខែដំបូងឆ្នាំនេះ ខណៈប្រទេសជិតខាងផ្សេងទៀតមានចំនួនសរុប៧១,៣១៤ ពាន់លានបាត(៥ ២៣០ លានដុល្លារ)ធ្លាក់ចុះ៦,៤៦ ភាគរយ។
លោក Keerati បាននិយាយថា ប្រទេសកម្ពុជាបានមើលឃើញកំណើនខ្ពស់បំផុតនៅក្នុងការនាំចេញរបស់ប្រទេសថៃក្នុងចំនួន ១៤,៨៦ ភាគរយដែលបានជំរុញដោយការនាំចេញភេសជ្ជៈមិនមែនគ្រឿងស្រវឹងរថយន្តឧបករណ៍អគ្គិសនីគ្រឿងផ្គុំនិងផលិតផលបសុសត្វ។
លោកថ្លែងថា៖ «នៅពីក្រោយប្រទេសកម្ពុជា ជាទិសដៅនាំចេញរបស់ប្រទេសថៃគឺប្រទេសឡាវ និងមីយ៉ាន់ម៉ា សម្រាប់ភេសជ្ជៈមិនមានជាតិស្រវឹង កុំព្យូទ័រ ក្រណាត់ ប្រេងម៉ាស៊ូត និងអំបោះ និងប្រទេសម៉ាឡេស៊ី សម្រាប់ផលិតផលកៅស៊ូ កុំព្យូទ័រឧបករណ៍អគ្គិសនី និងគ្រឿងផ្គុំ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា លោកក៏ទទួលបានដំណឹងមកថា ការដោះដូរទំនិញរវាងប្រទេសទាំង ២ នៅមានសកម្មភាពជាប្រក្រតី បើទោះបីជាថៃប្រកាសបិទព្រំដែនជាមួយកម្ពុជាដោយហាមតែចំពោះអ្នកដំណើរប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំមានសេចក្ដីរីករាយដោយទទួលព័ត៌មានពីថៃដែលផ្សាយថា ការដោះដូរទំនិញរវាងកម្ពុជា-ថៃមានកំណើនល្អ។ កន្លងទៅដោយសារជំងឺកូវីដ១៩ ប្រទេសថៃបានបិទការចេញចូលអ្នកដំណើរ តែមិនបានបិទការដោះដូរទំនិញទេ គ្រាន់តែមានលក្ខខណ្ឌខ្លះចំពោះអ្នកបើកបរជាដើម»។
លោកបន្តទៀតថាការរាតត្បាតនៃជំងឺកូវីដ១៩ ជារឿងសកលទៅហើយ។ ប្រទេសជាច្រើនបានបន្ថយផលិតកម្មរបស់ពួកគេ ដោយយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីសុខុមាលភាពប្រជាជន ដូច្នេះវានឹងជះឥទ្ធិពលដល់ការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក្នុងការសម្រេចមហិច្ឆតានៃការដោះដូរទំនិញនៅតាមព្រំដែន។
លោកអះអាងថា៖ «កម្ពុជា និងថៃក៏រងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ដែរ ដូច្នេះការដោះដូរពាណិជ្ជកម្មក៏អាចមានការលំបាកក្នុងការសម្រេចតាមផែនការដែលបានដាក់ចេញដែរ បើស្ថានភាពនៃជំងឺកូវីដ១៩ វាបន្តអូសបន្លាយពេលយូរ»។
លោក Keerati បានឲ្យដឹងថា ការរីករាលដាលកូវីដ១៩ បានបណ្ដាលឲ្យ DFT ត្រូវផ្អាកពិព័រណ៍ពាណិជ្ជកម្មតាមព្រំដែននៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់ព្រំដែនជាមួយកម្ពុជាចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា នៅឆ្នាំនេះ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល ៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ កើនឡើង ៧,១៤ ភាគរយធៀបនឹង ៨,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យពីស្ថានទូតថៃប្រចាំនៅកម្ពុជា។
ប្រទេសថៃស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសឈានមុខគេទាំង ៩ ដែលបានបង្កើនការវិនិយោគរបស់ពួកគេនៅប្រទេសកម្ពុជាចន្លោះពីឆ្នាំ ១៩៩៤ ដល់ចុងត្រីមាសទី ៣ ឆ្នាំ ២០១៧ ជាមួយនឹងតម្លៃវិនិយោគចំនួន ៩៦៧,៨៩ លានដុល្លារនៅពេលនោះ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕