អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ តាមសារអេឡិចត្រូនិក កាលពីថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយសារតែបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជិតចូលមកដល់ទៅហើយ ។ លោកស្រីបានកត់សម្គាល់ពីកំណើននៃការឆ្លងវីរុសថ្មីនេះនៅកម្ពុជាផងដែរថាមានកម្រិតយឺត ប៉ុន្តែលោកស្រីមិនអាចទាញការសន្និដ្ឋាន១០០%ទៅលើកម្ពុជាបាននៅឡើយទេ ថាកម្ពុជាអាចគ្រប់គ្រងស្ថានភាពបាននោះ ។
លោកស្រី Margaret Harris បានសរសេរសារប្រាប់វិទ្យុបារាំង ដែលបកប្រែជាភាសាខ្មែរយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩នៅកម្ពុជានឹងនៅតែបន្តកើនឡើង ហេតុដូច្នេះពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងគួរតែចៀសវាងជួបជុំគ្នាពេលចូលឆ្នាំខ្មែរ»។ បើយោងតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោកដដែលនេះ លោកស្រីបានផ្ដល់យោបល់បន្ថែមថា ការចៀសវាងមិនជួបជុំគ្នានេះមានភាពចាំបាច់ណាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ ករណីជំងឺកូវីដ១៩នៅកម្ពុជាអាច នឹងនៅតែបន្តកើនឡើងទៀតនាពេលអនាគត ហើយវាជារឿងចាំបាច់ដែលប្រជាពលរដ្ឋខ្មែរត្រូវតែបន្តអនុវត្តគោលការណ៍រក្សាគម្លាតពីគ្នា រក្សាអនាម័យផ្លូវដង្ហើម តាមដានសុខភាពខ្លួនឯង ជាពិសេសគឺ ឧស្សាហ៍លាងដៃ ហើយត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់មន្ដ្រីជំនាញផ្នែកសុខភិបាល ប្រសិនបើមានរោគសញ្ញាសង្ស័យនៃជំងឺកូវីដ១៩។
ពីខាងរដ្ឋាភិបាលកម្ពុជាឯណេះវិញ។ ដើម្បីទប់ស្កាត់និងបង្ការការឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ និងហាមមិនឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំក្នុងពិធីសាសនានៅតាមវត្តអារាម។ វិធានការផ្សេងទៀតដែលបានដាក់ចេញកន្លងមកដែរ រួមមាន៖ បិទសាលារៀន សារមន្ទីរ ក្លិបកម្សាន្ត បារ កាស៊ីណូ KTV និងរោងភាពយន្តនៅទូទាំងប្រទេស។ រដ្ឋាភិបាលក៏បានបញ្ជាឲ្យផ្អាកផងដែរ ការរៀបចំការប្រគំតន្ត្រីនានានៅតាមទីសាធារណៈ ចាប់ពីពេលនេះរហូតដល់ស្ថានភាពជំងឺរាតត្បាតកូវីដ១៩មានសភាពធូរស្រាលឡើងវិញ ។សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទទី១៣មេសា លោកស្រី Margaret Harris បានទទូចឲ្យប្រជាពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងជាពិសេសត្រូវចៀសវាងការជួបជុំនានាជាសាធារណៈ។ បើតាមអ្នកនាំពាក្យអង្គការសុខភាពពិភពលោក ការចៀសវាងមិនជួបជុំគ្នានេះមានភាពចាំបាច់ណាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ។
បើទោះជាមានការហាមឃាត់ ចេញសារាចរណ៍ណែនាំយ៉ាងណាក្ដី ប្រជាពលរដ្ឋជាច្រើនបានធ្វើការតវ៉ាមិនពេញចិត្តនឹងការបិទបុណ្យចូលឆ្នាំខ្មែរនេះឡើយ និងបន្ដឲ្យមានការធ្វើការងារធម្មតាដដែល ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្វើការសម្រុកចេញពីក្រុងដើម្បីទៅផ្ទះពួកគេរៀងៗខ្លួន មុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២យប់ កាលពីពីរថ្ងៃមុននេះ យ៉ាងច្រើន ហើយនៅតែបន្ដធ្វើដំណើរទៅផ្ទះវិញជាច្រើនបន្ថែមទៀតនៅថ្ងៃបន្ទាប់ ដែលរដ្ឋាភិបាលបានដាក់ចំណុចហាមឃាត់ និងបិទច្រកជាច្រើនផងដែរ ៕
ប្រភព ៖ វិទ្យុបារាំង RFI