តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មរួមមានការចិញ្ចឹម ជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:យើងបិទការនាំចូលពីខាងក្រៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩។ ដើម្បីចូលរួមបង្កើតកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក្នុងនាមឯកឧត្តមជាប្រធានគណកម្មាធិការទី៣ នៃព្រឹទ្ធសភាព សហប្រធានក្រុមការងារជាមួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម "ក”) និងជាស្ថាបនិកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានរៀបចំកម្មវិធីអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅធ្វើទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្មកែវផុស ក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះគឺទី១- ពិនិត្យ និងតាមដានពីវឌ្ឍន ភាពនៃវិស័យកសិ-ឧស្សាហកម្ម លើគ្រប់ខ្សែច្រវាក់ផលិតកម្ម (រោងចក្រផលិតចំណីសត្វអឹមភិក កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង កសិដ្ឋានពាណិជ្ជកម្មទី៤ ចំការដូងប្រេង និងរោងចក្រកែច្នៃទី១ អន្លង់ក្រពើ) និងទី២- ធ្វើការពិភាក្សារួមគ្នាក្នុងនាមរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងឆន្ទ:រួមគឺធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មកសិកម្មធានាសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលប្រទេសយើងកំពុងតែមានវិបត្តិបណ្តាលមកពីជំងឺឆ្លងសកលកូវីដ-១៩។
តាមកម្មវិធីដែលបានគ្រោងទុកនៅព្រឹកនេះជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្ស ហើយទទួលបានព័ត៌មានដូចខាងក្រោម៖
១- រោងចក្រ អាចផលិតចំណីសត្វគ្រប់ប្រភេទបានប្រមាណ ៦ពាន់តោនក្នុងមួយខែផ្គត់ផ្គងឱ្យកសិដ្ឋាន និងដៃគូសហការចិញ្ចឹម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុង ១ខែមាន៖ ពោត ៣០០០ត កន្ទក់ និងកន្ទក់ស្រូវសាឡី ៧០០ត កាកស្រាបៀរ ៤០០ត និងដំឡូង១០០០ត។ ក្រៅពីនេះ រោងចក្រក៏បាននាំចូលវត្ថុធាតុដើម ដើម្បីបំពេញឱ្យត្រូវការខ្វះខាត។ បច្ចុប្បន្ន វត្ថុធាតុក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រ ហើយតម្លៃអាចទទួលយកបានទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
២- កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង៖ កសិដ្ឋានមានមេ-បាពូជចំនួន ៩ពាន់ក្បាល ក្នុង១ឆ្នាំអាចលក់កូនជ្រូកពូជជូនសហគមន៍បាន ៦០០០ក្បាល និងកូនជ្រូកសាច់ ៨០០០ក្បាល ហើយក្នុង១ខែអាចផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារបាន ១៤ពាន់ក្បាល អនាគតគ្រោងបង្កើនចំនួនផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារ ១០០០ក្បាល/ថ្ងៃ។ បច្ចុប្បន្ន កសិដ្ឋានប្រើភ្លើងផលិតចេញពីលាមកជ្រូក (Biogas) អាចជួយកាត់បន្ថយផ្លៃដើមបានយ៉ាងល្អប្រសើរ។
៣- កសិដ្ឋានចិញ្ចឹមជ្រូកសាច់លើផ្ទៃដី ១០០ហត បំពាក់ដោយឧបករណ៍ទំនើប ស្វ័យប្រវត្តិ ប្រព័ន្ធការពារសុវត្ថិភាព។ល។ កសិដ្ឋាននេះ មានផែនការផលិតជ្រូកសាច់ឱ្យបាន ១០០០ក្បាល ក្នុង ១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។
សរុបសេចក្តីមកដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅថ្ងៃនេះ ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ហើយអត្ថប្រយោជន៍ទាំងអស់នេះ គឺជាសារដ៏សំខាន់ ដែលឯកឧត្តមទាំងពីរចង់ផ្ញើជូនទៅដល់អ្នកបរិភោគ អ្នកផលិត និងវិនិយោគិន គួរត្រឹះរិះពិចារណាច្បាមយកឱកាសមាសនេះដើម្បីរួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជំងឺ ឆ្លងសកលកូវីដ-១៩ ហើយខ្លឹមសារសំខាន់ៗទាំងនោះមានដូចខាងក្រោម៖
- ក្រុមហ៊ុនផលិតចំណីសត្វត្រូវខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាពប្រយោជន៍ជម្រុញផលិតកម្មក្នុងស្រុកធានាបរិមាណផ្គត់ផ្គង់ ស្តង់ដារ និងគុណភាពតាមតម្រូវការទីផ្សារ។ឆ្លៀតយកឱកាសនេះបង្កើតកាលានុវត្តភាពឱ្យវិស័យកសិកម្មកសិ-ឧស្សាហកម្មបង្កើតការងារនៅមូលដ្ឋាននិងបង្កើនប្រាក់ចំណូល។
- អំពាវនាវឱ្យក្រុមហ៊ុនចិញ្ចឹមសត្វនិងផលិតចំណីសត្វត្រូវសហការគ្នាបង្កើនផលិតភាពផលិតកម្មរួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀងទាំងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតនិងជាពិសេសដើម្បីស្រូបយកកំលាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព។
- លើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្មក្នុងស្រុកជាលក្ខណ:កសិដ្ឋានទំនើបបំពេញឱ្យខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម ផលិតចំណី ផលិតវត្ថុធាតុដើម រោងចក្រកែច្នៃ ប្រើលាមកសត្វជាថាមពលផ្គត់ផ្គង់ឱ្យកសិដ្ឋាន និងផលិតជីកុំប៉ុស្តិ) កាត់បន្ថយការនាំចូល។
- ក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្រុមហ៊ុន ឬអាជីវករលក់ចែកចាយសាច់សត្វ ស៊ុត ផលិតផលមានដើមកំណើតពីសត្វលក់ចែកចាយធាតុចូលកសិកម្មផ្សេងៗទៀត មិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃផលិតផល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពអ្នកបរិភោគ។
- អ្នកបរិភោគមិនគួរបារម្ភអំពីការខ្វះខាតស្បៀងក្រសួងសូមបញ្ជាក់ថារាជរដ្ឋាភិបាលបានបម្រុងស្បៀងទុកគ្រប់គ្រាន់ (អង្ករ ត្រី សាច់ និងបន្លែ) សម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការរបស់អ្នកបរិភោគ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី ហើយកាន់តែពិសេសនោះគឺនេះជាលើកទី១ ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សន កិច្ចនៅតំបន់កសិ-ឧស្សាហកម្មម៉ុង ឫទ្ធីកែវផុស បន្ទាប់ពី ២៦ឆ្នាំនៃការចាប់បដិសន្ធិ។ ក្នុងនាមឯកឧត្តមជាសហប្រធានក្រុម "ក" ឯកឧត្តមបណ្ឌិតថានឹងបន្តសហការពេញលេញជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីចូលរួមបង្កើតកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ក្នុងខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះពេលវេលា និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ឯកឧត្តមបណ្ឌិត និងសហការី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឧត្តមគតិចូលរួមអភិវឌ្ឍវិស័យកសិកម្ម ក្នុងទិសដៅចែករំលែក និងទទួលខុសត្រូវរួមគ្នាដើម្បីធានានូវសន្តិសុខស្បៀង កំណើន សេដ្ឋកិច្ច បង្កើតការងារ ចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបផងដែរថា តាមរបាយការណ៍របស់ក្រុមហ៊ុនស៊ីភីកម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្នក្រុម ហ៊ុនអាចផ្គត់ផ្គង់ប្រចាំថ្ងៃបាន៖ មាន់ ១៥១តោន ជ្រូកសាច់ ២ ៥០០ក្បាល និងផលិតចំណីសត្វគ្រប់ប្រភេទបាន ១ ៣៧០តោន។