ប្រទសចិនប្រកាសផ្តល់ជំនួយ ៣០លានដុល្លារបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៣មេសា។ សេចក្តីសម្រេចផ្តល់ជំនួយរបស់ចិនយ៉ាងដូច្នេះ គឺក្រោយ សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ ប្រកាសបង្កកជំនួយថវិកាចំពោះអង្គការអន្តរជាតិមួយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ជំនួយបន្ថែមរបស់ចិន ដល់អង្គការសុខភាពពិភពលោក គឺដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនិងជួយគាំទ្រដល់ប្រព័ន្ធសុខាភិបាលនៃបណ្តាប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។
អ្នកនាំពាក្យនិងជាអនុប្រធានការិយាល័យព័ត៌មាន នៃក្រសួងការបរទេសចិន លោក Geng Shuang សង្កត់ធ្ងន់ទៀតថា ការជួយគាំទ្រដល់អង្គការសុខភាពពិភពលោក នៅក្នុងស្ថានភាពលំបាក នៃកាលៈទេសៈរីករាតត្បាតមេរោគសកលបែបនេះ គឺជាបង្ហាញពីការគាំទ្រទស្សនៈនិងគោលការណ៍ពហុនិយម ព្រមទាំងជួយការពារលក្ខន្តិកៈរបស់អង្គការសហប្រជាជាតិ។ តាមអ្នកនាំពាក្យដដែល ប្រទេសចិនបានផ្ទេរទឹកប្រាក់ ២០លានដុល្លារ រួចស្រេចទៅហើយ ទៅឱ្យអង្គការសុខភាពពិភពលោក ដែលជាលុយជំនួយអំណោយ ក្នុងខែមីនា។
ជំនួយបន្តបន្ទាប់របស់ចិនតែម្នាក់ឯងនៅនេះ ទំនងជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈពេលដែល សហរដ្ឋអាមេរិក ជាម្ចាស់ជំនួយធំជាងគេបំផុតសម្រាប់អង្គការសុខភាពពិភពលោក បានប្រកាសបង្កកជំនួយដល់អង្គការនេះ កាលពីដើមសប្តាហ៍កន្លងទៅ។ ប្រធានាធិបតីអាមេរិក ធ្លាប់លើកឡើងថា «ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិក បានផ្តល់វិភាគទាន ចន្លោះពី៤០០ ទៅ៥០០ លានដុល្លារ ទៅឱ្យអង្គការសុខភាពពិភពលោក។ ខុសពីចិន ដែលផ្តល់តែ៤០លាន ឬតិចជាងនេះផង។ » នេះតាមការអះអាងរបស់ លោក ដូណាល់ ត្រាំ។
ជំនួយបន្ថែមរបស់ចិន នៅពេលនេះ គឺធ្លាក់មក ក្រោយពីមានការផ្លោងពាក្យសម្តីគ្នាទៅវិញទៅមក រវាងប្រធានាធិបតីអាមេរិក និងអគ្គនាយកអង្គការសុខភាពពិភពលោក។ ប្រធានាធិបតីអាមេរិក បានរិះគន់ថាអង្គការសុខភាពពិភពលោក «គ្មានសមត្ថភាព, ចាត់ចែងការងារមិនបានត្រឹមត្រូវ» ហើយលោក ដូណាល់ ត្រាំ បានថែមទាំងចោទប្រកាន់ស្ថាប័ននេះទៀត ថា«លម្អៀង កាន់ជើងចិន»។
ពីរបីថ្ងៃបន្ទាប់មក នៅថ្ងៃព្រហស្បតិ៍ទី ៩មេសា ក្នុងសន្និសីទកាសែត ពីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស (Tedros Adhanom Ghebreyesus)បានវាយបក មិនចំឈ្មោះ ដោយបានរិះគន់បរិហារទង្វើកេងចំណេញនយោបាយពីចំណាត់ការដោះស្រាយវិបត្តិ។ លោក តេដ្រូស ថា ពេលនេះជាវេលាដែលចិននិងអាមេរិក គួរតែរួមដៃគ្នាកម្ចាត់មេរោគ៕
ប្រភព: RFI