កាលពីថ្ងៃទី២៤ ខែមេសា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានអំពាវនាវឲ្យមាតាបិតា ឬអាណាព្យាបាលសិស្ស ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ត្រូវធ្វើការដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សាអប់រំឯកជនរៀងៗខ្លួន។ ចំណាត់ការធ្វើឡើងក្រោយពីមានការតវ៉ាសុំបញ្ចុះតម្លៃសិក្សា នៅតាមសាលាឯកជនមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ចំណែកក្រសួងអប់រំ យុវជននិងកីឡា វិញ បានលើកទឹកចិត្តឲ្យអាណាព្យាបាល និងសាលាឯកជនទាំងនោះដោះស្រាយរឿងថ្លៃសាលាដោយសន្តិវិធី។
ជំហររបស់ក្រសួងអប់រំ គឺលើកទឹកចិត្តឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងសាលាឯកជនធ្វើការជជែកគ្នា ដើម្បីឈានដល់ចំណុចរួមមួយ ដែលអាចទទួលយកបាន ជុំវិញបញ្ហាតម្លៃសិក្សា ក្នុងពេលវិបត្តិកូវីដ១៩នេះ។ នេះបើតាមលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ដែលបានអះអាងប្រាប់វិទ្យុបារាំងជាតិនាថ្ងៃទី២៥ ខែមេសានេះ។ លោកបន្តថា ដោយសារតែជំងឺកូវីដ១៩ប៉ះពាល់ដល់មនុស្សគ្រប់គ្នាទាំងមាតាបិតាសិស្ស និងសាលារៀន ដូច្នេះមានតែការចរចាគ្នារកដំណោះស្រាយរួមប៉ុណ្ណោះ ដែលជាចំណុចល្អបំផុត។
កាលពីថ្ងៃទី២៤ ខែមេសា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានស្នើឲ្យ មាតាបិតាសិស្សដាក់ពាក្យស្នើសុំបញ្ចុះតម្លៃ ដោយជម្រាបពីវិបត្តិហិរញ្ញវត្ថុរៀងៗខ្លួន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ប្រាប់ដល់ម្ចាស់ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយ និងបន្ធូរបន្ថយថ្លែសិក្សាជូនឲ្យអស់ពីលទ្ធភាព។
ការអំពាវនាវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ធ្វើឡើងបន្ទាប់ពីមាន មាតាបិតាសិស្ស បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅខាងមុខសាលារៀនឯកជនមួយចំនួននៅទីក្រុងភ្នំពេញ កាលពីដើមសប្តាហ៍ និងនៅថ្ងៃទី២៥ ខែមេសានេះ ដើម្បីឲ្យមានការបញ្ចុះតម្លៃសិក្សាដោយសារតែការសិក្សាត្រូវបានធ្វើឡើងតែតាមអ៊ីនធឺណិត ក្នុងពេលវិបត្តិកូវីដ១៩នេះ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានលើកឡើងពីមូលហេតុដែលតម្រូវឲ្យមាតាបិតាសិស្សចូលមកពិភាក្សាពីស្ថានភាពហិរញ្ញវត្ថុរៀងៗខ្លួន ជាជាងការតវ៉ាប្រមូលផ្តុំគ្នា គឺដោយសារតែការប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ គឺមានលក្ខណៈផ្សេងៗគ្នា ពោលគឺអ្នកខ្លះប៉ះពាល់ខ្លាំង ហើយអ្នកខ្លះទៀតប៉ះពាល់តិច។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានទទួលស្គាល់ថា ក្នុងរដូវកាលកូវីដ១៩រាតត្បាតនេះ ពិតជាធ្វើឲ្យលំបាកដល់ជីវភាព មាតាបិតានិងអាណាព្យាបាលសិស្សក៏ពិតមែន តែកូវីដ១៩នេះ ក៏ធ្វើឲ្យខ្ទេចខ្ទាំដល់គ្រឹះស្ថានសិក្សាអប់រំឯកជនផងដែរ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាឲ្យដឹងថា ក្នុងរយៈពេលផ្អាកការបណ្តុះបណ្តាលនេះ គ្រឹះស្ថានសិក្សាចំនួន១១៣ ដែលជាសមាជិករបស់សមាគម បានជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាត្រូវបន្តការបើកប្រាក់បៀវត្សរ៍ដល់គ្រូនិងបុគ្គលិក បន្តបង់ឈ្នួលអគារ និងបន្តបង់ការប្រាក់ និងប្រាក់ដើមធនាគារ ព្រមទាំងការចំណាយជាច្រើនផ្សេងទៀតដដែល៕