សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបានទាត់ចោលរបាយការណ៍របស់អង្គការ និងសហគមន៍ចំនួន១៣៥ ដែលស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍បន្ថែមទៀតទៅមីក្រូហិរញ្ញវត្ថុឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ។ ប៉ុន្តែពីខាងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកថា អនុសាសន៍របស់សង្គមស៊ីវិល កំពុងតែជំរុញឲ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត។
«ការលើកឡើងពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តជាទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀតអនុសាសន៍របស់សង្គមស៊ីវិល កំពុងតែជំរុញឲ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឲ្យបាត់បង់នូវជំនឿទុកចិត្តពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ»។ នេះគឺជាប្រតិកម្មរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា។
សេចក្តីថ្លែងការណ៍បានលើកឡើងថា «វាពិតជាមិនត្រឹមត្រូវនោះទេ ដែលថា អតិថិជនត្រូវការប្លង់បញ្ចាំដើម្បីអាចអោយពួកគេប្រកបមុខរបររបស់ខ្លួននោះ»។ «ការនិយាយនេះ ជាការខុសឆ្គង និងមានបំណងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ»។ ដោយបានចាត់ទុករបាយការណ៍របស់អង្គការសង្គមស៊ីវិលខ្វះស្មារតីទទួលខុសត្រូវនោះ សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តយ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ណែនាំរបស់រដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលដើម្បីធានានិងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវរបស់ស្ថាប័នដែលមិនពាក់ព័ន្ធ ឬជំរុញឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
គួរជំរាបជូនថា ប្រតិកម្មរបស់សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពេលនេះ គឺបន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន១៣៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា ដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍បន្ថែមទៀតទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ អង្គការសង្គមស៊ីវិល បានទទួលស្គាល់ថា កន្លងមករដ្ឋាភិបាលកម្ពុជាមានវិធានការមួយចំនួនរួចមកហើយ។ ប៉ុន្តែពួកគេសំណូមពរបន្ថែមដល់រដ្ឋាភិបាលក្នុងការពិចារណាដើម្បីធានាថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាប់ផ្អាកការសងប្រាក់កម្ចី និងការប្រាក់ទាំងអស់ យ៉ាងតិចណាស់ចំនួន៣ខែ និងប្រគល់ជូនម្ចាស់ទ្រព្យវិញ នូវប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ ពាក់ព័ន្ធនឹងកម្ចីខ្នាតតូច ដែលត្រូវបានដាក់ជាទ្រព្យធានា។
បើតាមសង្គមស៊ីវិល វិធានការទាំងនេះ គឺមានភាពចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋអាចបន្តរស់នៅក្នុងពេលមានវិបត្តិនេះដោយគ្មានហានិភ័យចំពោះសុខភាព ឬលំនៅដ្ឋានរបស់អ្នកទាំងនោះ និងអាចបញ្ជៀសពីកម្ចីឥណទានមានហានិភ័យ ដែលអាចនាំឲ្យកើតមានករណីធ្វើការងារដោះបំណុល ការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សដទៃទៀត។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក។ ប៉ុន្តែបើតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងចំណោមអតិជនជាងពីរលាននាក់ មានអតិថិជនប្រមាណ មួយលាននាក់ ឬប្រហែល៤៥ភាគរយ ទទួលបានឥណទានដោយមិនមានទ្រព្យធានាឡើយ៕