Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិកពេលនេះអ្នកឆ្លងកើនឡើងដល់ទៅជាង ១លាននាក់ប្រមាណមួយភាគបីនៃអ្នកឆ្លងជុំវិញពិភពលោក

Sang Kim | Apr 29, 2020
សហរដ្ឋអាមេរិកពេលនេះអ្នកឆ្លងកើនឡើងដល់ទៅជាង ១លាននាក់ប្រមាណមួយភាគបីនៃអ្នកឆ្លងជុំវិញពិភពលោក
Clinic narith

កូវីដ ១៩ គឺជាវីរុសមួយប្រភេទដែលកាចសាហាវ និងងាយចម្លងបំផុត វាមានប្រភពមកពីសត្វប្រចៀវ នេះបើយោងទៅតាមការអះអាងរបស់អង្គការសុខភាពពិភពលោក ( WHO ) ។ រហូតមកដល់ពេលនេះវាបានឆ្លង និងរីករាលដាលស្ទើតែពាសពេញពិភពលោក និងមានប្រទេសប្រមាណ ២១០ ប្រទេសហើយដែលបានឆ្លងជំងឺឆ្លងនេះ ។ វាមានប្រភពចម្លងដើមចេញមកពីប្រទេសចិន នៅទីក្រុងវ៉ូហាន ។ 

ពេលនេះអ្នកឆ្លងទូទាំងពិភពលោកសរុបជាង ៣លាននាក់ហើយ គឺ ៣,១៣៩,៥៨៨ នាក់ និងមានអ្នកស្លាប់ជាង ២១ម៉ឺននាក់ទូទាំងពិភពលោក ។ ក្នុងចំណោមមនុស្សឆ្លងកូវីដជាង ៣លាននាក់លើពិភពលោក មានប្រជាជនអាមេរិកជាង ១លាននាក់ហើយដែលបានឆ្លងកូវីដ ១៩ នេះ និងមានអ្នកស្លាប់ជិត ៦ម៉ឺននាក់ ។ 

ពេលនេះអាមេរិកនៅតែជាប់ចំណាក់ថ្នាក់លេខ ១ ដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេដដែលលើពិភពលោក ដោយសារកូវីដ ១៩ ។ វីរុសនេះត្រូវបានឆ្លងរាលដាលដល់មនុស្សជាង ១ លាននាក់នៅក្នុងសហរដ្ឋអាមេរិកខណៈដែលប្រទេសនេះមានការឆ្លងជំងឺនេះប្រហែលមួយភាគបីនៃអ្នកឆ្លងសរុបទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយJohns Hopkins University ។

វីរុសនេះបានផ្ដល់ផលប៉ះពាល់ដល់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិក ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាមេរិករាប់លាននាក់ ខណៈពេលដែលថ្នាក់ដឹកនាំរដ្ឋ និងថ្នាក់មូលដ្ឋានបានបិទអាជីវកម្មជាចាំបាច់ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ វាបានធ្វើឱ្យមានមនុស្សជាច្រើនបានបាត់បង់ការងារផងដែរ ។ រដ្ឋមួយចំនួនកំពុងពិចារណាបើកឡើងវិញ ក៏ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថាពួកគេកំពុងត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុសដ៏អាក្រក់នេះមុនពេលដែលឈានដល់រដូវផ្តាសាយធំ នៅរដូវស្លឹកឈើជ្រុះ និងរដូវរងារខាងមុខនេះ ។

លោក Robert Redfield នាយក CDC បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ថា « មានលទ្ធភាពដែលការវាយលុកវីរុសមកលើប្រទេសរបស់យើងនៅរដូវរងារខាងមុខនេះ វាពិតជាពិបាកជាងអ្វីដែលយើងឆ្លងកាត់នៅខណៈពេលនេះទៅទៀត » ។ លោក Redfield បានបន្ថែមថាគាត់ និងសមាជិកដទៃទៀតនៃក្រុមបុគ្គលិក ក្រុមការពារជំងឺឆ្លងបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការឃ្លាតឆ្ងាយពីសង្គមហើយផលប៉ះពាល់ដ៏ធំធេងនៃការផ្ទុះឡើងនូវវីរុសនេះនៅក្នុងអាមេរិកក៏ដោយសារតែមិនមានការឃ្លាតឆ្ងាយសង្គមនេះហើយ ។

គួរបញ្ជាក់ផងដែរថា មន្ត្រីសុខាភិបាល និងអ្នកវិទ្យាសាស្ត្រនៅតែសិក្សាអំពីមេរោគឆ្លងដែលបានលេចចេញនៅទីក្រុងវូហានប្រទេសចិនកាលពីជិត ៤ ខែមុន ហើយកំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការស្វែងរកវ៉ាក់សាំង និងថ្នាំដើម្បីព្យាបាលវីរុសឆ្លងនេះ ។ 

ប្រភព ៖ CNBC