លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោក «មានការជឿជាក់ខ្លាំង» ថាវីរុសកូរ៉ូណាប្រភេទថ្មីដែលកំពុងរាតត្បាតជាសាកល មានប្រភពពីមន្ទីរពិសោធន៍មួយរបស់ចិន។ ការអះអាងរបស់លោកបែបនេះ ផ្ទុយពីការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់លោកដែលត្រូវបានផ្សាយជាសាធារណៈតែប៉ុន្មានម៉ោងមុននោះ។
ខណៈដែលអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថាជំងឺរាតត្បាតកូវីដ១៩ដែលបង្កដោយវីរុសកូរ៉ូណា មានប្រភពនៅទីក្រុងវូហានប្រទេសចិននោះ មានការមន្ទិលមិនចេះចប់ថា តើវីរុសនេះបានឆ្លងពីសត្វមកមនុស្សដោយរបៀបណា ដោយគេឃើញថា ក្រុមអ្នកមានជំនឿមិនមានភស្តុតាងអំពីផែនការឃុបឃិតនៅតែជឿថាជំងឺកូវីដ១៩ត្រូវបានបង្កើតដោយមនុស្ស។
ក៏ប៉ុន្តែក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបដិសេធលទ្ធភាពដែលថាវីរុសបង្កើតដោយមនុស្ស។
ការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិកនិយាយថា សហគមន៍អ្នកស៊ើបការណ៍សម្ងាត់អាមេរិកយល់ស្របជាមួយការឯកភាពគ្នាក្នុងចំណោមអ្នកវិទ្យាសាស្ត្រដែលថា កូវីដ១៩ មិនត្រូវបានបង្កើតឡើងដោយមនុស្សឬតាមការបម្លែងហ្ស៊ែនទេ។
នៅពេលលោកប្រធានាធិតបតី ត្រាំ ត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍ថាតើលោកបានឃើញភស្តុតាងពីមន្ត្រីស៊ើបការណ៍អាមេរិកដែលថាកូវីដ១៩បានចេញពីមន្ទីរពិសោធន៍នៅវិទ្យាស្ថានវូហានសម្រាប់ការសិក្សារីរុសសាស្ត្រដែរឬទេនោះ លោកប្រធានាធិបតីថាឆ្លើយថា «បាទខ្ញុំបានឃើញ»ប៉ុន្តែលោកបដិសេធមិនអាចចែករំលែកសេចក្តីលម្អិតទេ។ លោកបន្ថែមថា៖ «ខ្ញុំមិនត្រូវគេអនុញ្ញាតឲ្យប្រាប់អ្នកទេ»។
សេចក្តីថ្លែងការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកមិនបានបដិសេធចោលទេ នូវលទ្ធភាពដែលថាការផ្ទុះរាតត្បាតនៃកូវីដ១៩នៅតែជាប់ទាក់ទងអ្នកស្រាវជ្រាវចិន ដោយអាចជាលទ្ធផលនៃព្រឹត្តិការណ៍អចេតនាដែលបានកើតឡើងនៅមន្ទីរពិសោធន៍វូហាននោះ។
ការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក បន្តថា៖ «សហគមន៍ស៊ើបការណ៍សម្ងាត់នឹងបន្តពិនិត្យយ៉ាងហ្មត់ចត់នូវរាល់ព័ត៌មាននិងការសម្ងាត់ថ្មីដែលលេចឡើងដើម្បីកំណត់បានថាតើការផ្ទុះឆ្លងរាតត្បាតនេះដំបូងឡើងពីការទាក់ទងជាមួយសត្វដែលផ្ទុកវីរុសឬវាជាលទ្ធផលនៃឧបទ្ទវហេតុនៅមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន»។
វិទ្យាស្ថានវូហានសម្រាប់ការសិក្សាវីរុសសាស្ត្រ (Wuhan Institute of Virology) ដែលគាំទ្រដោយរដ្ឋាភិបាលចិន បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ដែលថាវិទ្យាស្ថាននេះជាប្រភពនៃការផ្ទុះដំបូងនៃកូវីដ១៩ ហើយអ្នកជំនាញជាច្រើនបាននិយាយថា វីរុសនេះទំនងបានឆ្លងពីសត្វមកមនុស្សនៅផ្សារលក់សត្វព្រៃមួយកន្លែងនៅក្បែរនោះ។
ក៏ប៉ុន្តែលោកប្រធានាធិបតីបានសម្តែងមន្ទិលជាបន្តបន្ទាប់ចំពោះការបដិសេធរបស់ប្រទេសចិន ដោយលោកបានចោទប្រកាន់ទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងអង្គការសុខភាពពិភពលោក WHO ថាបានបង្វែរឲ្យពិភពលោកយល់ខុសពីរយៈពេលនិងរបៀបដែលវីរុសកូរ៉ូណាបានចាប់ផ្តើមរាតត្បាតជាសាកល។
លោកត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា «មានទ្រឹស្តីជាច្រើនអំពីរឿងនេះ» ដោយលោកបន្ថែមថា មន្ត្រីចិនត្រូវបញ្ឈប់ការលាក់បាំងព័ត៌មានលម្អិតសំខាន់ៗ។ លោកបានបន្ថែមទៀតថា «មកទល់នឹងពេលនេះខ្ញុំឃើញថាប្រទេសចិនកំពុងព្យាយាមធ្វើឲ្យមានតម្លាភាពខ្លះដែរជាមួយយើង»។