សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី មិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនស្ដីពីអំពីស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា ។ ដោយក្នុងនោះក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែឧសភានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាគឺមាន ១២២ នាក់ដដែល ពោលគឺមិនមានរកឃើញករណីឆ្លងថ្មីនោះទេកាលពីថ្ងៃម្សិលមិញ។
ដោយក្នុងនោះសម្រាប់អ្នកដែលមានឆ្លងជំងឺទាំង ១២២ នាក់ មានស្រ្ដីចំនួន ៣៨ នាក់ និងបុរសចំនួន ៨៤ ដដែល (រាប់ទាំងអ្នកបានព្យាបាលជាសះស្បើយទាំងអស់)។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះករណីព្យាបាលជាសះស្បើយវិញ ក្រសួងក៏ពុំមានរកឃើញថ្មីបន្ថែមទៀតនោះដែរ។ ហេតុដូចនេះសម្រាប់ចំនួនអ្នកដែលបានព្យាបាលសះស្បើយគឺមានសរុប ១២០នាក់ដដែល។
ចំណែកឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើយនោះរួមមាន ជនជាតិចិន ០៣ នាក់ (ស្ដ្រី០២ នាក់ និងបុរស ០១ នាក់) ជនជាតិអង់គ្លេស ០៥ (ស្ដី្រ០៣នាក់ និងបុរស០២ នាក់) ជនជាតិអាមេរិកចំនួន ២ នាក់ (ស្រ្ដី១នាក់ និងបុរស១នាក់) បុរសជនជាតិប៊ែលហ្សិក ១នាក់ជនជាតិបារាំងចំនួន ៤០ នាក់ (ស្ដ្រី២១ នាក់ និងបុរស ១៩ នាក់ដែលមានទារកអាយុ០៤ ខែម្នាក់ផងដែរ) បុរសជនជាតិកាណាដា០២ នាក់ បុរសជនជាតិម៉ាឡេស៊ី ១៣ នាក់ បុរសជនជាតិឥណ្ឌូនេស៊ី ០២ នាក់ ស្ដ្រីជនជាតិវៀតណាម ០៣ នាក់ និងជនជាតិខ្មែរមាន៤៩ នាក់ (ស្ដ្រី០៧ នាក់ និងបុរស ៤២ នាក់) ដែលរាប់គិតចាប់ពីខែមករាមកដល់បច្ចុប្បន្ន។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ថា ចំពោះចំនួនអ្នកដែលសម្រាកព្យាបាលគឺនៅចំនួន ០២ ករណីប៉ុណ្ណោះ ដោយក្នុងនោះមានស្រី្ដចំនួន ០១ នាក់ និងបុរសចំនួន ០១ នាក់។ ហើយពួកគាត់ទាំងអស់គឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ នៅថ្នាក់ខេត្ដផងដែរ ក្រោយការពិនិត្យតាមដានសុខភាពយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យចំនាញផ្នែកជំងឺឆ្លងមួយនេះ។
ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្រ្ដី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការពិនិត្យ និងស្រាវជ្រាវករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបផងដែរថា ប្រទេសកម្ពុជាបានរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ហើយមកដល់ពេលនេះបានធ្វេីតេស្តចំនួនមនុស្សចំនួន ១១៩៧៥ ស្មេីនឹង ៧៣៦ ក្នុង១លាននាក់។ ដើម្បីទទួលជ្រាបព័ត៌មានបានកាន់តែច្បាស់សូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងដែលមានដូចខាងក្រោម៖