Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រី​អាមេរិកបានថា មានភស្តុតាងជាក់ច្បាស់ជាច្រើនដែលបញ្ជាក់ថា មេរោគនេះធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

Sang Kim | May 04, 2020
រដ្ឋមន្ត្រី​អាមេរិកបានថា មានភស្តុតាងជាក់ច្បាស់ជាច្រើនដែលបញ្ជាក់ថា មេរោគនេះធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន
Clinic narith

ទាក់ទិននឹងប្រភពផ្ទុះចេញនៃកូរ៉ូណាវីរុសប្រភេទថ្មី នៅទីក្រុងវូហានប្រទេសចិន លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ឧសភា ដោយបានអះអាងថា គេមានភស្តុតាងជាក់ច្បាស់ជាច្រើន ដែលបញ្ជាក់ថា មេរោគនេះ បានធ្លាយចេញពីមន្ទីរពិសោធន៍សិក្សាមេរោគរបស់ចិន នៅទីក្រុងវូហាន។

តើមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលបង្កជម្ងឺកូវីដ១៩​ ពិតជាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍មួយកន្លែង នៅទីក្រុងវូហានមែនឬរហូតមកទល់ពេលនេះ គឺគ្មានអ្វីមកបញ្ជាក់នោះទេ។​ គឺមានតែពាក្យចចាមអារ៉ាម។

តែយ៉ាងណា លោកMike Pompeo ប្រមុខការទូតអាមេរិក បានថ្លែងនៅថ្ងៃអាទិត្យ ទី៣ឧសភា នៅតាមបណ្តាញទូរទស្សន៍ ABC ដោយអះអាងចំៗថា គេមានភស្តុតាងយ៉ាងច្បាស់ និងដ៏ច្រើន​​ ដែលបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ពិតជាបានឆ្លងចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាន។ តែយ៉ាងណា រដ្ឋមន្ត្រីអាមេរិករូបនេះ បានបដិសេធ មិនឆ្លើយទេ ថាភស្តុតាងទាំងនោះ បញ្ជាក់ថា វាជាការទំលាយមេរោគចេញដោយចេតនា​ ឬដោយអចេទនា។

លោក Mike Pompeo បានបន្ថែមថា៖ កន្លងមកនរណាក៏ដឹងដែរ ថាចិនគឺជាអ្នកដើរចម្លងមេរោគ​ នៅទូទាំងពិភពលោក ហើយមន្ទីរពិសោធមន៍ស្រាវជ្រាវមេរោគនៅចិន ពុំមានគោរពលក្ខខណ្ឌសុវត្ថិភាព​ ឲ្យបានត្រឹមត្រូវម៉ដ្ឋចត់ឡើយ។ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលពិភពលោកយើង ត្រូវបានចិនបង្កគ្រោះថ្នាក់ ដោយសារតែមេរោគបែកធ្លាយចេញពីមន្ទីរពិសោធន៍ចិន។

បន្ទាប់មកទៀត លោកប្រមុខការទូតអាមេរិករូបនេះ បានលើកឡើងថា រដ្ឋាភិបាលចិនគ្មានការសហការជាមួយអ្នកដ៏ទៃ ក្នុងការស្រាវជ្រាវវែកញែក រកការពិតជាក់ច្បាស់ ស្តីពីប្រភពនៃមេរោគនេះឡើយ។ លោកបន្ថែមថា អាជ្ញាធរចិន នៅតែរឹងទទឹង បន្តរារាំងក្រុមអ្នកជំនាញអន្តរជាតិ និងក្រុមស្រាវជ្រាវវិជ្ជសាស្ត្រ មិនឲ្យចូលទៅដល់តំបន់ដែលផ្ទុះការឆ្លងជំងឺកូវីដ១៩នេះទេ។ លោកអះអាងថារហូតមកទល់ពេលនេះ អ្នកជំនាញអន្តរជាតិ នៅតែមិនទាន់ទទួលបាន​ គំរូមេរោគកូរ៉ូណាប្រភេទថ្មី ដែលចិនស្រង់បានពេលដំបូងៗនោះទេ។

គួរបញ្ជាក់ថា ទាក់ទិនទៅនឹងប្រភពនៃការចម្លងជំងឺកូវីដ១៩នេះនៅវូហាន បើផ្អែកតាមដំណឹងនិងទិន្នន័យផ្តល់ឲ្យដោយអាជ្ញាធរចិនអ្នកជំនាញបរទេសជាច្រើនអះអាងថា មេរោគនេះ បានឆ្លងចេញពីសត្វ តែមិនដឹងថាសត្វអ្វីឲ្យពិតប្រាដក ហើយបានឆ្លងមកមនុស្ស​ ដោយរៀបណានោះទេ។ កាលពីប៉ុន្មានថ្ងៃមុននេះ អង្គការសុខភាពពិភពលោក បានសំដែងការខកចិត្ត​ ដោយឃើញអាជ្ញាធរចិនបើកការស្រាវជ្រាស្តីពីប្រភពនៃការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ តែដោយមិនបានអញ្ជើញអង្គការសុខភាពពិភពលោក ឲ្យចូលរួមជាមួយទេ៕