ថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃពុធ ទី០៦ ឧសភា គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺ«ពិសាខបូជា»។
ប្រការដែលគួរឲ្យកត់សម្គាល់មួយទៀត គឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
អ្នកសិក្សាជំនាញ ព្រះពុទ្ធសាសនាបានបង្ហាញអំពីចំណុចសំខាន់នៃបុណ្យវិសាខបូជា ថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាល ២៥៦៤ ឆ្នាំមកហើយ គិតត្រឹមថ្ងៃមួយរោចខែពិសាខ ឆ្នាំ ជូត ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែ ឧសភា គ.ស. ២០២០ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនា គេបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។
អាស្រ័យហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ ទោះបីជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងខែចេត្រក្ដី ប៉ុន្តែរហូតដល់ថ្ងៃ ១រោច ខែវិសាខ គឺ១ថ្ងៃក្រោយពិធីបុណ្យវិសាខបូជាទើបប្រតិទិនចន្ទគតិខ្មែរដែលគិតតាមដំណើរគោចរនៃព្រះចន្ទ ផ្លាស់ចូលពុទ្ធសករាជថ្មី គឺ២៥៦៤ ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យនេះ ក្រៅពីការរម្លឹកនឹកគុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នាក៏ចូលរួមបួងសួងសូមឲ្យ ក្រុមគ្រួសារ មានសេចក្ដីសុខ ប្រទេសជាតិ មានសុខសន្តិភាពជានិរន្តផងដែរ៖ «តាមរយៈបុណ្យកុសលដែលរៀបចំនេះ សូមឲ្យព្រះរាជាណាចក្រកម្ពុជា រីកចម្រើនប្រកបដោយសុខសន្តិភាព គោរពរាប់អានគ្នារកទទួលទានមានបានចម្រើនទាំងអស់គ្នា»។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជា សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលចេញផ្សាយកាលពីឆ្នាំ១៩៥១ បានសរសេរកត់ត្រាថា ប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចជានៅប្រទេសសិរីលង្កា គេមានទំនៀមប្រារព្ធពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមទូទាំងប្រទេសរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត រហូតដល់ថ្ងៃ ១រោច ខែពិសាខ យ៉ាងអ៊ឹកធឹក។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកស្រុកសិរីលង្កា នាំគ្នាបូជាគ្រឿងសក្ការផ្សេងៗ មានផ្កា និងទៀនប្រទីបជាដើម អុជបូជាភ្លឺព្រោងព្រាតគ្រប់វត្តអារាម និងតាមផ្ទះអ្នកស្រុកអ្នកភូមិ តាមទ្រព្យធនធាន។
ចំណែកនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាវិញ ក៏ធ្វើ ៣ថ្ងៃដូចនៅសិរីលង្កាដែរ ប៉ុន្តែខុសប្លែកគ្នាត្រង់អ្នកស្រុកភូមា គេទៅប្រជុំគ្នានៅឯវត្តនាពេលយប់ រង់ចាំរហូតដល់ពេលផ្កាយវិសាខនក្ខត្តឫក្ស ឬផ្កាយប្រចាំខែពិសាខ រះឡើង គេក៏វាយជួងទូងស្គរលាន់កងរំពង រួចទើបអុជទៀនបូជា។ រីឯទំនៀមប្រារព្ធបុណ្យវិសាខបូជា នាសម័យនេះវិញ ភាគច្រើនអ្នកស្រុកភូមា គេធ្វើនៅតាមចេតិយ ដោយមិនមានហែក្បួន ឬបូជាផ្កាអ្វីទេ គឺគេផ្ដោតជាសំខាន់តែការបូជាប្រទីបមានទៀនជាដើមប៉ុណ្ណោះ។
តាមពុទ្ធប្រវត្តិ ទីដែលព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ប្រសូត គឺនៅឧទ្យាន លុម្ពិនី ក្នុងនគរកបិលវត្ថុ ដែលសព្វថ្ងៃនេះជាទឹកដីប្រទេសនេប៉ាល់ ជាប់ព្រំប្រទល់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះហើយ ទើបមានបរិស័ទខ្មែរ សិរីលង្កា ភូមា និងថៃ ជាដើម បានទៅកសាងវត្តអារាមពុទ្ធសាសនានៅទីនោះ និងតែងនាំគ្នាធ្វើធម្មយាត្រាទៅគោរពបូជា នាទីបូជនីយដ្ឋាន សួនលុម្ពិនី ជារៀងរាល់ឆ្នាំ៕