យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ផ្អែកលើការស្រាវជ្រាវទៅលើអ្នកជំងឺអ៊ីតាលីរាប់ពាន់នាក់បានបង្ហាញថាការព្យាបាលដើម្បីកាត់បន្ថយអ័រម៉ូនតេស្តូស្តេរ៉ូននិងអរម៉ូនដទៃទៀតចំពោះបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតអាចមានឥទ្ធិពលការពារប្រឆាំងនឹងមេរោគកូរ៉ូណាវីថ្មី។
តាមរយៈលទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានការព្យាបាលដោយអ័រម៉ូនមានការថយចុះហានិភ័យនៃការឆ្លងវីរុស ៤ ដងធៀបនឹងអ្នកជំងឺដែលមិនបានទទួលការព្យាបាលបែបនេះ។ មិនតែប៉ុណ្ណោះ គេឃើញភាពខុសគ្នាកាន់តែច្បាស់នៅពេលក្រុមស្រាវជ្រាវបានប្រៀបធៀបអ្នកជម្ងឺមហារីកក្រពេញប្រូស្តាតលើការព្យាបាលអ័រម៉ូនជាមួយអ្នកដែលមានជំងឺមហារីកប្រភេទផ្សេង។
លោក Fabrice Andre នាយកស្រាវជ្រាវនៅវិទ្យាស្ថាន Gustave Roussy នៅទីក្រុងប៉ារីសនិងជានិពន្ធនាយកនៃ Annals of Oncology បានព្រមានថាលទ្ធផលមិនមានន័យថាអ្នកជម្ងឺគួរតែចាប់ផ្តើមព្យាបាលដោយអ័រម៉ូននោះទេ។ ប៉ុន្តែទិន្នន័យបានបង្ហាញថាវានឹងមានតម្លៃក្នុងការសិក្សាពីការព្យាបាលចំពោះអ្នកដែលបានឆ្លង។
ក្រុមអ្នកស្រាវជ្រាវកំពុងរៀបចំការសិក្សាតាមដានចោំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ ដែលនឹងត្រូវបានចាត់តាំងដើម្បីទទួលការព្យាបាលដោយអរម៉ូន ហើយគ្រោងនឹងចាប់ផ្តើមឆាប់ៗនេះ ប្រសិនបើមានការឆ្លងរាលដាលលើកទី ២ នៅចុងឆ្នាំនេះ។
គួរបញ្ជាក់ដែរថា ការកាត់បន្ថយអ័រម៉ូនតេស្តូស្តេរ៉ូនអាចជួយបានព្រោះអ្នកទទួលអ័រម៉ូនបុរសក៏ធ្វើនិយ័តកម្មប្រូតេអ៊ីនមួយហៅថា TMPRSS2 ដែលត្រូវបានបង្ហាញនៅក្នុងការស្រាវជ្រាវផ្សេងទៀតដើម្បីជួយ Covid-19 ឆ្លងកោសិកាមានសុខភាពល្អ។
ទន្ទឹមគ្នានេះដែរ លោក Andrea Alimonti សាស្រ្តាចារ្យផ្នែកជំងឺមហារីកនៅសាកលវិទ្យាល័យ Universita della Svizzera Italiana និង ETH Zurich ក្នុងប្រទេសស្វីសបានមានប្រសាសន៍ថា“ នេះពិតជាបំណែកថ្មីមួយនៅក្នុងការផ្ដុំរូប។ លោក Alimonti បានបន្តទៀតថា ការព្យាបាលដែលបន្ថយអ័រម៉ូន បុរសក៏អាចបន្ថយ TMPRSS2 ផងដែរ មិនត្រឹមតែនៅក្នុងក្រពេញប្រូស្តាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននៅក្នុងជាលិកាដទៃទៀតនៅក្នុងខ្លួនផងដែរ៕
ប្រភព Bloomberg