ត្បូងឃ្មុំ ៖ កំលុងពេលសាងផ្នួសមុខភ្លើង ដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាជីដូនបង្កើត, ព្រះតេជគុណ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តនិមន្តបិណ្ឌបាតនៅតាមភូមិ ក្នុងស្រុកកំណើត ជាមួយព្រះសង្ឃដទៃទៀតដូចសព្វដង។
នេះជាថ្ងៃទី០២ហើយ នៃការនិមន្តបិណ្ណបាតរបស់ព្រះតេជគុណ ហ៊ុន ម៉ាណែត បន្ទាប់ពីសាងផ្នួសមុខភ្លើង ជាសង្ឃកិច្ចជូនជីដូនរបស់ព្រះតេជគុណ ដែលបានធ្វើមរណភាព កាលពីពេលថ្មីៗនេះ។ យោងតាមរូបភាពជាច្រើនសន្លឹក ដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាននោះ គេសង្កេតឃើញថា ក្នុងការនិមន្តបិណ្ឌបាត នៅតាមភូមិកំណើតរបស់ព្រះតេជគុណ ហ៊ុន ម៉ាណែត មានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានចេញមកដាក់ចង្ហាន់ប្រគេនព្រះតេជគុណ និងព្រះសង្ឃជាច្រើនអង្គ។
បើតាមការគ្រោងទុកព្រះតេជគុណ ហ៊ុន ម៉ាណែត អាចសាងផ្នួសក្នុងរយៈពេល ០៧ថ្ងៃ ដែលជាទំនៀមទម្លាប់ប្រពៃណីមួយរបស់ខ្មែរ និងត្រូវបានគេស្គាល់ជាទូទៅថា «បួសមុខភ្លើង» នៅពេលមានសាច់ញាតិ ទទួលមរណភាព។
សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ និងត្រូវបានបញ្ចុះនៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃទី៦ ខែឧសភា នៅឯស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕