សង្គ្រាម ការផ្លាស់ទី និងការប្រែប្រួលអាកាសធាតុកំពុងជំរុញមនុស្សរាប់លាននាក់នៅទូទាំងតំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រិក ដែលក្នុងនោះមានទាំងតំបន់ Sahel ផងដែរ ឱ្យធ្លាក់ទៅក្នុងភាពអត់ឃ្លាន។ ជាងនេះទៀត វិបត្តិជំងឺកូវីដ១៩ គឺជាអ្វីដែលបន្ថែមពីលើបញ្ហានេះទៀត។
អង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានថា ការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ទំនងជានឹងបង្កើនចំនួនមនុស្សប្រឈមនឹងគ្រោះអត់ឃ្លានចំនួនជាងពីរដងនៅត្រឹមដំណាច់ឆ្នាំនេះ ដោយកើនដល់ ៤៣ លាននាក់។
អង្គការនេះអះអាងថា ជនក្រីក្រដែលរស់នៅក្នុងតំបន់ទីក្រុងដែលរកព្រឹកខ្វះល្ងាច គឺជាក្រុមជនដែលមានហានិភ័យខ្ពស់បំផុត។ អង្គការនេះពន្យល់ថា អ្នករស់នៅក្នុងទីក្រុងពឹងពាក់លើផ្សារសម្រាប់ទិញម្ហូបអាហារ ហើយពួកគេមានលទ្ធភាពតិចតួចប៉ុណ្ណោះនៅក្នុងការស្ដុកទុកម្ហូបអាហារ និងសន្សំលុយ។
អ្នកស្រី Elizabeth Byrs ដែលជាអ្នកនាំពាក្យអង្គការស្បៀងអាហារពិភពលោក បាននិយាយថា មានសេចក្តីត្រូវការជាបន្ទាន់នូវថវិកាចំនួន ៧៤ លានដុល្លារ ដើម្បីផ្តល់ជំនួយចាំបាច់សម្រាប់រយៈពេល ៦ ខែខាងមុខដល់តំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រិក។
អ្នកស្រីបានថ្លែងថា សេចក្តីត្រូវការនេះទំនងជានឹងកើនឡើងថែមទៀត នៅពេលដែលផលប៉ះពាល់នៃជំងឺកូវីដ១៩ លេចឡើងកាន់តែច្បាស់ជាងមុន។
អ្នកស្រី Byrs បញ្ជាក់ដូច្នេះថា៖ «ប្រសិនបើការឆ្លើយតបមិនគ្រប់គ្រាន់នោះទេ នោះវានឹងធ្វើឲ្យសុខុមាលភាពរបស់មនុស្សរាប់លាននាក់នៅពេលអនាគតនៅក្នុងតំបន់នោះមានហានិភ័យ ជាពិសេសគឺស្ត្រី និងកុមារ ហើយវាក៏អាចបង្កឲ្យមានការបះបោររបស់ពលរដ្ឋនៅតាមផ្នែកនានានៃតំបន់នោះផងដែរ ដែលជាតំបន់កំពុងតែប្រឈមនឹងបញ្ហាអសន្តិសុខ និងអំពើជ្រុលនិយមហិង្សារួចស្រេចទៅហើយនោះ»។
អ្នកស្រី Byrs បន្តថា អង្គការស្បៀងអាហារពិភពលោកបារម្ភថា កុមារប្រមាណ ១២ លាននាក់អាចមានអាហារូបត្ថម្ភមិនគ្រប់គ្រាន់នៅក្នុងចន្លោះពេលដកស្ទូង និងច្រូតកាត់ រវាងខែមិថុនា និងខែសីហាខាងមុខ ដោយកើនឡើងពីចំនួន ៨ លាន ២ សែននាក់ នៅក្នុងរយៈពេលដូចគ្នានេះដែរកាលពីឆ្នាំមុន។
អ្នកស្រីបានបន្ថែមថា អង្គការស្បៀងអាហារពិភពលោកគ្រោងនឹងស្តុកទុកជាមុននូវម្ហូបអាហារសម្រាប់រយៈពេល ៦ ខែ នៅក្នុងតំបន់នោះ។ អ្នកស្រីថ្លែងថា ការធ្វើដូច្នេះនឹងធានាថានឹងមានជំនួយគ្រប់គ្រាន់សម្រាប់ជួយស្រោចស្រង់ជីវិតមនុស្ស នៅក្នុងករណីដែលមានការរឹតត្បិតមិនឱ្យធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលការរឹតត្បិតនេះអាចបណ្ដាលឱ្យមានការបង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់៕