អាជ្ញាធរខណ្ឌចំការមន បានប្រាប់ថា សមត្ថកិច្ចនៅមិនទាន់កំណត់បាននៅឡើយទេអំពីមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆាបឆេះក្លិបកម្សាន្ត EDM ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ កាលពីរសៀលថ្ងៃម្សិលមិញនេះ។
អភិបាលខណ្ឌចំការមន លោក ថេង សុថុល ប្រាប់ថា ក្លិបកម្សាន្ត EDM របស់លោក ម៉ៅ សេងថៃ បានរងអគ្គិភ័យឆាបឆេះនៅម៉ោងប្រហែល ៤:៤០នាទីរសៀលថ្ងៃម្សិលមិញនេះ ដែលបណ្ដាលឱ្យក្លិបកម្សាន្តទាំងមូលខូចខាតទាំងស្រុង ប៉ុន្តែ លោកថា មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
អភិបាលខណ្ឌរូបនេះ បន្ថែមថា លោកមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះបាននៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ថែម។
លោក ថេង សុថុល និយាយថា៖ «ទុកឱ្យខាងប៉ូលិសយើងស្រាវជ្រាវសិន។ យើងអត់ទាន់ដឹងដោយសារម្សិលមិញ យើងគិតបញ្ហាធ្វើយ៉ាងណា ទីមួយ ធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងទប់ស្កាត់អគ្គិភ័យឱ្យរលត់ ១០០ភាគរយសិន»។
លោក សុថុល បញ្ជាក់ថា រហូតមកដល់ម៉ោង ១៨:២០នាទីល្ងាចម្សិលមិញ អគ្គិភ័យបានរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៥គ្រឿង ប្រើទឹកអស់ចំនួន ៧០ឡាន។
បើតាមលោក សុថុល ក្លិបកម្សាន្តមួយនេះ បានបិទដំណើរការរបស់ខ្លួនទៅតាមបទបញ្ជារបស់រដ្ឋាភិបាលនៅមុនពេលអគ្គិភ័យកើតឡើង។
រដ្ឋាភិបាលបានបញ្ជាឱ្យផ្អាកហាងខារ៉ាអូខេ ក្លិបកម្សាន្ត ហាងម៉ាស្សា បៀរហ្គាឌិន រោងភាពយន្ត កន្លែងហាត់ប្រាណ និងកម្មវិធីប្រមូលផ្ដុំមនុស្សច្រើនដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ១៩) ចាប់ពីខែមីនាមក នៅពេលកម្ពុជារកឃើញអ្នកឆ្លងវីរុសនេះកាន់តែច្រើនឡើង៕