នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេច ហុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
នៅក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា លទ្ធផលស្ថាបនាផ្លូវទាំងជាង៣០ខ្សែ សម្រចបានជាង ៩០ភាគរយហើយ គ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលចាប់ផ្តើមសាងសង់ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។
លោក គួច ចំរើន បានបញ្ជាក់ថា “ការសាងសង់ផ្លូវនេះជាទូទៅមានល្បឿនលឿនព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃនិងយឺតនៅកន្លែងខ្លះដោយសារ បច្ចេកទេសដាក់លូប៉ុន្តែត្រូវបានដោះស្រាយហើយ។ ផ្លូវអូរត្រេះបានចាប់ផ្តើមចាក់បេតុងហើយចំណែកចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាបដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។
លោកបន្តទៀតថា “រាល់ថ្ងៃនេះមិនមែនមានតែផ្លូវក្នុងក្រុងនោះទេដែលសម្រុកសាងសង់ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរក៏ត្រូវបានសម្រុកសាងសង់ដូចគ្នាដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុកនិងទាន់ពេលវេលាដែលបានកំណត់”។
ជាមួយគ្នានេះ ក្រសួងសាធារណការណ៍នៃកម្ពុជា បាន បញ្ជាក់ប្រភេទ ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ មានដូចជា៖
១. មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។
២. វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣. អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។
គួរជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញ លើផ្លូវសរុប ៣៤ ខ្សែ ប្រវែងជាង ៨៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ចំណាយទឹកប្រាក់សរុបជាង ២០០លានដុល្លារអាមេរិក។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។