Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ពណ៌សម្បុរ កក្រើកកាន់តែខ្លាំង សម្រុកចូលហាងលក់ឡាន មែរសឺដេស វាយកម្ទេច-ដុតបំផ្លាញខ្ទេច

Sang Kim | Jun 01, 2020
ការបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ពណ៌សម្បុរ កក្រើកកាន់តែខ្លាំង សម្រុកចូលហាងលក់ឡាន មែរសឺដេស វាយកម្ទេច-ដុតបំផ្លាញខ្ទេច
Clinic narith

ពួកអ្នកបង្កចលាចល បានដុត និងវាយបំផ្លាញរថយន្តជាច្រើនគ្រឿង នៅក្នុងសាលតាំងបង្ហាញមួយកន្លែងរបស់ក្រុមហ៊ុនផលិតរថយន្តទំនើប ម៊ែរសឺដេស បេនហ្ស៍ នៅក្នុងទីក្រុងអូកលែនដ៍ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក កណ្ដាលការធ្វើបាតុកម្ម តវ៉ាយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍ការស្លាប់របស់បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ដោយសារតែភាពឃោរឃៅរបស់ប៉ូលិស។

ស្ថិតក្នុងសភាពរញ្ជួយចិត្ត គេបានឃើញក្រុមបាតុករ បានវាយកម្ទេចផ្ទាំងកញ្ចក់ ចូលទៅក្នុងមជ្ឈមណ្ឌលសេវាកម្ម រថយន្តមែរសឺដេស បេនហ្ស៍ ហើយបានដុតបំផ្លាញរថយន្តថ្មីៗជាច្រើនគ្រឿងក្នុងទង្វើដ៏ព្រៃផ្សៃ ដែលបានក្លាយជារូបភាព ដែលត្រូវបានគេផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គមអនឡាញ។

 

ហេតុការណ៍បាត់បង់ជីវិតរបស់ ចច ហ្វ្លយ ដែលបានដាច់ខ្យល់ស្លាប់ ក្រោយពីភ្នាក់ងារប៉ូលិសបានអង្គុយយកជង្គង់សង្កត់ក ខណៈដែលរូបគេបានត្រូវចាប់ផ្ដួលឱ្យដេកផ្កាប់មុខ និងវាយខ្នោះដៃក្រពាត់មកក្រោយ បានដុតបញ្ឆេះការប្រឆាំងតវ៉ាដ៏ក្ដៅគគុកទូទាំងសហរដ្ឋអាមេរិក តែ អូកលែនដ៍ រដ្ឋកាលីហ្វ័រនៀ បានក្លាយជាទីក្រុងចម្បងនៃអំពើហិង្សា ក្រោយពីពួកអ្នកបង្កចលាចល បានចាប់ផ្ដើមចូលប្លន់ហាងលក់ទំនិញទំនើបៗជាច្រើនកន្លែង និងវាយបំបែកកញ្ចក់ចូលទៅក្នុងបន្ទប់តាំងបង្ហាញរថយន្តមែរសឺដេស បេនហ្ស៍។

រូបភាពនៅក្នុងឃ្លីបវីដេអូបានបង្ហាញឱ្យឃើញ រថយន្តទំនើបជាច្រើនគ្រឿង ត្រូវពួកអ្នកបង្កចលាចល ប្រើថ្នាំស្ព្រេយ៍បាញ់ដាក់ វាយបំបែកកញ្ចក់ និងយកភ្លើងដុត ព្រមទាំងស្រែកថា “យើងដកដង្ហើមមិនរួចទេ!!!” ដែលជាសម្រង់សម្ដីចុងក្រោយរបស់ ចច ហ្វ្លយ មុនពេលស្លាប់។

ក្រៅពីនេះ នៅមានរបាយការណ៍ថា ពួកអ្នកបង្កចលាចល ថែមទាំងបានលួចយករថយន្តដែលប្រើប្រាស់សម្រាប់ការងារសំណង់ ចេញពីទីកន្លែងសាងសង់ទៀតផង។

ទង្វើដ៏គឃ្លើនទាំងនេះ បានបញ្ឈប់នៅពេលក្រុមប៉ូលិសបានធ្វើដំណើរទៅដល់ តែយ៉ាងណាក្ដី មានរបាយការណ៍ថា ពួកអ្នកប្រឆាំងតវ៉ាថែមទាំងបានសម្រុកចូលប្លន់ក្រុមហ៊ុនតំណាងចែកចាយរបស់រថយន្តហុងដា នៅក្នុងទីក្រុងអូកលែនដ៍ដូចគ្នា ព្រមទាំងបានបើកយករថយន្តចេញពីសាលតាំងបង្ហាញអស់ជាច្រើនគ្រឿងទៀតផង ដោយគោលបំណងរបស់ការលួចប្លន់រថយន្តនេះ គឺយកទៅបើកបំបុកដើម្បីបំផ្លាញរថយន្តទាំងនោះ។

ហេតុការណ៍ចលាចលទាំងនេះ គឺជាផ្នែកមួយនៃការប្រឆាំងតវ៉ានឹងការរើសអើងជាតិសាសន៍ដែលកើតឡើងនៅក្នុងទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក ក្នុងនោះរួមទាំង ទីក្រុងនីវយ៉ក អ៊ែតលែនតា មីននិអាប៉ូលីស ដាលឡាស់ ឈិកាហ្គោ និងឡូសអ៊ែនជើលេស ដែលភាគច្រើនបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់ និងសន្តិភាព ដើម្បីទាមទារភាពយុត្តិធម៌ដល់ ចច ហ្វ្លយ និងអង្វរករឱ្យប៉ូលិសបញ្ឈប់ទង្វើព្រៃផ្សៃ ជាពិសេសជាមួយពលរដ្ឋអាមេរិកាំង ខ្សែស្រឡាយអាហ្វ្រិក៕

ប្រភព៖ សាព័ត៌មានបរទេស