LNN:2020-06-03
រកឃើញទាហានមួកខៀវកម្ពុជា ៤នាក់ថ្មី បន្ថែមទៀតបានឆ្លងវីរុសកូរ៉ូណា ក្រោយពីទាហានមួកខៀវកម្ពុជាម្នាក់បានពលីជីវិតដោយសារឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
យោងតាមវិទ្យុបារាំងអន្តរជាតិនាយប់ថ្ងៃទី២ ខែឧសភា អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ទាហានមួកខៀវកម្ពុជានៅប្រទេសម៉ាលីបានឆ្លងវីរុសកូរ៉ូណា សរុប១០នាក់ មាន២នាក់ព្យាបាលជាសះស្បើយ មានពលីជីវិតម្នាក់ និងផ្សេងពីនេះកំពុងសំរាកព្យាបាលនៅទីក្រុងប្រទេសម៉ាលី។
មានទាហានមួកខៀវកម្ពុជាជាច្រើនបានកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ ជាពិសេសតំបន់ងាយរងគ្រោះ និងប្រទេសក្រីក្រ ដែលមានហានិភ័យខ្ពស់ផងដែរ ក្នុងការឆ្លងវីរុសកូរ៉ូណា តែទោះយ៉ាងណា ទាំងអង្គការសហប្រជាជាតិ និងទាហានមួកខៀវកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបំពេញបេសកកម្ម និងថែរក្សាសុវត្ថិភាពកម្រិតខ្ពស់បំផុត ចៀសវាងការឆ្លងវីរុសកូរ៉ូណា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមីថុនា នេះ ទាហានមួកខៀវកម្ពុជា១០នាក់ហើយបានឆ្លងវីរុសកូរ៉ូណា ហើយមានពលរដ្ឋខ្មែរ២នាក់ហើយបានស្លាប់ដោយសារវីរុសកូរ៉ូណា ម្នាក់ជាទាហានមួកខៀវ ហើយម្នាក់ទៀតរស់នៅសហរដ្ឋអាមេរិក។ ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាអនាម័យ និងការពារខ្លួនឱ្យបានល្អ ចៀសវាងឆ្លងវីរុសកូរ៉ូណា៕