LNN: ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
វ៉ាស៊ីនតោន — នៅពេលដែលការប្រឆាំងតវ៉ាក្នុងសហរដ្ឋអាមេរិកកំពុងតែបន្តកើតមានចំពោះករណីនៃការស្លាប់របស់លោក George Floyd នៅពេលដែលប៉ូលិសចាប់ខ្លូនលោកនោះ មន្ត្រីរដ្ឋជាច្រើនបានស្តីបន្ទោសក្រុមជ្រុលនិយម ដែលជាអ្នកតវ៉ាប្រឆាំងមកពីខាងក្រៅ ដោយនិយាយថា ក្រុមជ្រុលនិយមទាំងនោះបានធ្វើសកម្មភាពលាយឡំជាមួយក្រុមដែលធ្វើការតវ៉ាប្រឆាំងស្របច្បាប់ ដោយអុជអាលឲ្យកើតមាននូវអំពើហិង្សា។
អភិបាលរដ្ឋ Minnesota លោក Tim Walz បានដកស្រង់សេចក្តីរាយការណ៏ដែលមិន បានបញ្ជាក់ប្រភពច្បាស់លាស់នៅថ្ងៃសៅរ៏ថា ក្រុមប្រកាន់ពូជសាសន៏ស្បែកស ឬ white supremacists ជាអ្នកនៅពីក្រោយនៃការប្រឆាំងតវ៉ាដែលមានអំពើហិង្សានៅក្នុងទីក្រុង Minneapolis ដែលជាកន្លែងដែលបុរសអាមេរិកកាំងដើមកំណើតអាហ្រ្វិកលោក Floyd បានស្លាប់កាលពីថ្ងៃច័ន្ទកន្លងទៅ។
នៅមុនការលើកឡើងនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្ទោសក្រុមជ្រុលនិយមមួយប្រភេទ ដែលលោកហៅថា ជាក្រុមសកម្មជនប្រឆាំងហ្វាស៊ីសឆ្វេងនិយម ដែលមានឈ្មោះថា antifa ។
ដោយស្តីបន្ទោសក្រុម antifa ថាជាអ្នកបង្កឲ្យមានអំពើហិង្សាក្នុងពេលមានការប្រឆាំងតវ៉ានៅទូទាំងប្រទេសនោះ លោកត្រាំបានសន្យាថា នឹងដាក់ក្រុមនេះក្នុងបញ្ជីនៃអង្គការភេរវកម្ម។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក William Barr បានព្រមានថា អំពើហឹង្សាដែលបានប្រព្រឹត្តិ ដោយក្រុម antifa និងក្រុមផ្សេងៗទៀតដែលមានភាពស្រដៀងគ្នា គឺជា«អំពើភេរវកម្មក្នុងស្រុក» និងត្រូវដោះស្រាយទៅតាមរឿងភេរវកម្ម។
តទៅនេះ ជាចលនាក្រុមជ្រុលនិយម ដែលត្រូវគេសង្ស័យថា បានពាក់ព័ន្ធនៅក្នុងការប្រឆាំងតវ៉ានៅក្នុងសហរដ្ឋអាមេរិក។
ក្រុមប្រកាន់ពូជសាសន៏ស្បែកស
ក្រុមប្រកាន់ពូជសាសន៏ស្បែកសគឺជា បុគ្គលនិងក្រុមដែលជឿជាក់លើភាពល្អអស្ចារ្យ នៃជនជាតិស្បែកស ដោយប្រឆាំងក្រុមជនអន្តោប្រវេសន៏ ហើយក្នុងករណីខ្លះ ធ្វើការតស៊ូមតិឲ្យមានការបណ្តេញចេញពីទឹកដីអាមេរិក នូវជនដែលមិនមានស្បែកពណ៌ស។អង្គការដែលលើកសរសើរខ្លួនឯង ដូចជាក្រុម Ku Klux Klan និងក្រុម neo-Nazi ជា ដើម បានក្លាយជាក្រុមដែលលែងមានរចនាសម្ព័ន្ធត្រឹមត្រូវ និងគ្មានមេដឹកនាំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសមាជិកភាគច្រើនបានធ្វើសកម្មភាពលើប្រព័ន្ធអនឡាញវិញ។
ទោះបីជាក្រុម White supremacists មិនគាំទ្រអំពើហឹង្សាក៏ដោយ ប៉ុន្តែបុគ្គល ដែលមានចំនួនកាន់តែច្រើនឡើងៗ ដែលមានការជំរុញទឹកចិត្តដោយមនោគមន៏វិជ្ជាស្តាំនិយមនោះបានអនុវត្តការបាញ់សម្លាប់ជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។ សមាសភាពដែលបង្កឲ្យមានអំពើហិង្សានៃក្រុមស្តាំនិយមនេះត្រូវបានគេស្គាល់ឈ្មោះថា «ជាក្រុមអ្នកជួយបន្ថែមល្បឿន ឬ accelerationists » ពីព្រោះពួកគេជ្រើសរើសយកការបន្ថែមល្បឿនមួយសំរាប់សង្រ្គាមពូជសាសន៏។ នាយកទីភ្នាក់ងារស៊ើបអង្គេត FBI លោក Christopher Wray បានលើកឡើងថា ការស៊ើបអង្គេតភាគច្រើន នៃអំពើភេរវកម្មក្នុងស្រុក គឺពាក់ព័ន្ធនិងក្រុម white supremacist នេះ។
ក្រុម Boogaloo Boys
ក្រុម Boogaloo Boys ជាចលនាកងជីវពលថ្មីដែលប្រឆាំងរដ្ឋាភិបាល។ ក្រុមនេះជាសហគមន៏ដែលធ្វើសកម្មភាពអនឡាញ គាំទ្រការប្រើប្រាស់អាវុធ និងតស៊ូមតិឲ្យមានក្រុម Boogaloo ទី២ និងគាំទ្រឲ្យមានសង្គ្រាមស៊ីវិល។ ចលនានេះត្រូវបានបង្កើតឡើងកាលពីរដូវក្តៅឆ្នាំមុន នៅពេលដែលក្រុម White supremacists បានដាក់ចេញនូវបុព្វហេតុសម្រាប់ក្រុមខ្លួនផ្ទាល់គី៖សង្គ្រាមជាតិសាសន៏ មិនមែនសង្គ្រាមស៊ីវិលទេ នេះបើតាមលោកស្រី Megan Squire សាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តកំព្យូទ័រនៃសាកលវិទ្យាល័យ Elon ។ លោកស្រី Squire បានឲ្យដឹងថា ក្រុម Boogaloo Boys ដែលភាគច្រើនជាជនជាតិស្បែកសនោះ បានលើកតំកើងក្រុមរបស់ខ្លួនថា ជាអ្នកសេរីនិយមប្រឆាំងរបបផ្តាច់ការ។
ក្រុម Antifa
Antifa ជាអក្សរកាត់នៃពាក្យ anti-fascist ជាក្រុមប្រឆាំងអំពើហ្វាស៊ីស។ ក្រុមនេះជាចលនាមួយនៃសកម្មជនឆ្វេងនិយម ដែលមិនដូចក្រុម neo-Nazis និងក្រុមជ្រុលនិយមដ៏ទៃទៀត ហើយបើតាមអ្នករិៈគន់បានហៅក្រុមនេះថាជា «ចលនាកុម្មុយនីស្តអាណាធិបតេយ្យជ្រុលនិយម»។
ដោយបានរៀបចំនិងចាត់ចែងតាមបណ្តាញសង្គម អ្នកគាំទ្រក្រុម antifa បានចូលរួមក្នុងការជួបប្រមូលផ្តុំគ្នាជាច្រើនកន្លែងដែលរៀបចំឡើងដោយពួកស្តាំនិយម និងស្លៀកពាក់ព័ណ៌ខ្មៅ និងពាក់ម៉ាស់ ហើយជារឿយៗ ចូលរួមការប្រឈមដោយអំពើហិង្សា។
អ្នកគាំទ្រក្រុម Antifa មួយចំនួនជាអ្នកប្រឆាំងក្រុមអ្នកតវ៉ានៃការប្រមូលផ្តុំគ្នាមួយក្នុងឆ្នាំ២០១៧ ដែលមានឈ្មោះថា «រួបរួមសិទ្ធិ» ដែលបានធ្វើក្នុងទីក្រុង Charlottesville ក្នុងរដ្ឋ Virginia ដែលពេលនោះការប្រមូលផ្តុំគ្នានោះ បានក្លាយជាអំពើហឹង្សា។
មជ្ឈមណ្ឌលច្បាប់សម្រាប់ជួយអ្នកក្រីក្រនៃភាគខាងត្បូងបាននិយាយថា ខ្លួនមិនចាត់ទុក antifa នេះថាជាក្រុមដែលបណ្តុះឲ្យមានគំនិតស្អប់នោះទេ ព្រោះសមាជិកក្រុមនេះ «មិនបានលើកកំពស់ឲ្យមានការស្អប់ ដោយផ្អែកលើជាតិសាសន៏ ក្រុមសម្ព័ន្ធ សាសនា ឬ ភេទនោះទេ»។
ដោយសារតែ antifa មិនមែនជាក្រុមមួយនោះ គេមិនដឹងថាតើលោកត្រាំគ្រោងនឹងចាត់ទុកថានេះជាអង្គការភេរវកម្មតាមវិធីណាទេ។ ស្រ្តីអ្នកនាំពាក្យម្នាក់នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកមិនបានឆ្លើយតបចំពោះការស្នើសុំអាត្ថាធិប្បាយរបស់វីអូអេទេ។
ក្រុមអាណាធិបតេយ្យ
ដោយមានអ្នកគាំទ្រមកពីក្រុមស្តាំនិងឆ្វេងនិយម ក្រុមអណាធិបតេយ្យនេះចាត់ទុករដ្ឋាភិបាលថា មិនស្របច្បាប់ និងស្វែងរកវិធីបង្កឲ្យមានភាពច្របូកច្របល់ ក្នុងសង្គម។ ប្រវត្តិរបស់ក្រុមនេះនៅក្នុងសហរដ្ឋអាមេរិក មានរយៈពេលជាងមួយសតវត្សរ៍មកហើយ នៅពេលដែលជនអណាធិបតេយ្យម្នាក់ បានធ្វើឃាតលោកប្រធានាធិបតី អាមេរិក William McKinley ក្នុងឆ្នាំ១៩០១។
បច្ចុប្បន្ននេះ ជនអណាធិបតេយ្យវ័យក្មេងជាច្រើនជា សមាជិករបស់ក្រុមសកម្មភាពនៃការប្រឆាំងការប្រកាន់ពូជសាសន៏ ដែលជាបណ្តាញជាតិមួយ នៃសមាគម antifa នេះបើយោងតាមមជ្ឈមណ្ឌលច្បាប់ជួយអ្នកក្រីក្រនៃភាគខាងត្បូង។ អ្នករិះគន់មួយចំនួន ជាញឹកញាប់ថ្កោលទោស អ្នកដើរតាមក្រុម antifa ថាជាក្រុមអណាធិបតេយ្យ ដោយលោកប្រធានាធិបតីត្រាំបានបន្ទោសដល់ការប្រឆាំងតវ៉ាដែលមានអំពើហិង្សាថ្មីៗនេះទៅលើក្រុម«អណាធិបតេយ្យឆ្វេងនិយមរ៉ាឌីកាល់»។
លោក Brian Levin សាស្ត្រាចារ្យមុខវិជ្ជាយុត្តិធម៌ព្រហ្មទណ្ឌនៃសាកលវិទ្យាល័យរដ្ឋ California បាននិយាយថា «សម្រាប់ផ្នែកភាគច្រើន ក្រុមអាណាធិបតេយ្យ ដែលយើងឃើញនៅក្នុងសហរដ្ឋអាមេរិក ហាក់ដូចជា មានការខកចិត្តជាមួយក្រុមឆ្វេងនិយមដែលមានការវិវត្តទៅមុខ»។
ប៉ុន្តែក្រុមអណាធិបតេយ្យក៏មានការរីកចម្រើនផងដែរជាមួយក្រុមស្តាំនិយម។ ឧទាហរណ៏ ក្រុមអណាធិបតេយ្យជាតិនៃតំបន់ឆកសមុទ្រនៃទីក្រុង San Francisco Bay Area ចង់ឃើញសង្គ្រាមពូជសាសន៏មួយនាពេលអនាគត ដែលនាំទៅដល់ការរស់នៅក្នុងភាពជាកុលសម្ព័ន្ធ ដែលមានសុទ្ធតែជនជាតិស្បែកសដែលគេឲ្យឈ្មោះថា «តំបន់ស្វ័យតជាតិ» នេះបើតាមមជ្ឈមណ្ឌលច្បាប់ជួយអ្នកក្រីក្រនៃភាគខាងត្បូង៕