LNN:ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ មានបាតុកម្មតវ៉ាអំពីបញ្ហារស់នៅរបស់ជនជាតិស្បែកខ្មៅ «Black Live Matter» ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅរបស់មន្ត្រីប៉ូលិសកើតឡើងថែមទៀតនៅក្នុងបណ្តាទីក្រុងមួយចំនួននៅអឺរ៉ុប ដូចជាទីក្រុង ព្រុចសែល ទីក្រុង Copenhagen ទីក្រុងឡុងដ៍ ទីក្រុងប៊ូដាប៉េស ទីក្រុងម៉ាឌ្រីដ និង បាសេឡូណា។
កាលពីថ្ងៃសៅរ៍ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានា នៃបណ្តាទីក្រុងនៅអឺរ៉ុប ដូចជាទីក្រុងប៊ែកឡាំង ប៉ារីស មុយនិច ហាំប៊ឺក ហ្វ្រែងហ្វើត ឌុបលីន និងក្រុងប្រាក ក្នុងការគាំទ្រចលនា «Black Live Matter» ដែលបានវាយលុកសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនៅទូទាំងពិភពលោក បន្ទាប់ពីមន្ត្រីប៉ូលិសអាម៉េរិកបានសម្លាប់លោក George Floyd ដែលជាជនជាតិអាហ្រ្វិកអាម៉េរិក។
លោក Floyd អាយុ ៤៦ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ២៥ ខែឧសភា នៅទីក្រុង Minneapolis សហរដ្ឋ អាមេរិក បន្ទាប់ពីមន្ត្រីប៉ូលិសស្បែកស បានលុតជង្គង់សង្កត់ករបស់គាត់អស់រយៈពេលជិត ៩នាទី ខណៈដែលគាត់ត្រូវបានគេដាក់ខ្នោះ ហើយគាត់បាននិយាយម្តងហើយម្តងទៀតថា គាត់មិនអាចដកដង្ហើមបានទេ៕