គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះតភ្ជាប់ទៅខេត្តកំពង់ធំ ត្រូវបានអ្នកជំនាញសិក្សា លទ្ធភាពក្នុងការសាងសង់រួចរាល់ហើយ និងកំពុងបន្តនីតិវិធី ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលចិន។ នេះបើតាមការឱ្យដឹងរបស់ ឯ.ឧ ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ)។
នាព្រឹកថ្ងៃទី១០ មិថុនា ២០២០ ក្នុងបទសម្ភាសន៍ ពីលទ្ធផលក្នុងការចុះត្រួតពិនិត្យផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ) ដឹកនាំដោយ ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា “ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។ អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន”។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ច្បាស់ៗថា ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ទៀតទេ។ រហូតមកដល់ពេលនេះ គម្រោងនេះបានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី។
លោកបានបន្តថា “ប្រកាសហើយមិនព្រមធ្វើ?” នីតិវិធីក្នុងការសាង់ផ្លូវមួយៗមិនមែនចេះតែធ្វើបានភ្លាមទេ។ ទី១. គេមកសិក្សា យើងត្រូវចូលរួមសិក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យហើយ ចរចាហើយ បញ្ជូនទៅមិត្តចិនសិន តើគេឯកភាព ឬមិនឯកភាព ? តើដោះស្រាយផលប៉ះពាល់លើបរិស្ថានឬនៅ? ពិនិត្យឱ្យចប់សព្វគ្រប់ទាំងអស់ ហើយគេពិនិត្យទៀត ទើបគេឱ្យប្រាក់កម្ជី។ ដូច្នេះនីតិវិធីវាមានពេលវេលាចឹង មិនចេះតែយកបានភ្លាមៗទេណាស់ ចឹងឱ្យបងប្អូនយើងយល់ផង។
សូមបញ្ជាក់ផងដែរថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ និងគ្រោងសាងសង់នៅឆ្នាំ ២០២១៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន