រដ្ឋាភិបាលចិនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសយោធាសហរដ្ឋអាមេរិកចំពោះសកម្មភាព«បង្កហេតុ» ដោយឲ្យយន្តហោះយោធាអាមេរិកមួយគ្រឿងហោះពីលើកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនកោះរបស់ខ្លួន ដោយចិនថាទង្វើរបស់អាមេរិកនេះបានរំលោភលើអធិបតេយ្យភាពចិននិងច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិតៃវ៉ាន់និយាយកាលពីថ្ងៃអង្គារថា យន្តហោះយោធាអាមេរិកប្រភេទC-40A បានទទួលការអនុញ្ញាត ឲ្យចូលដែនអាកាសតៃវ៉ាន់ ប៉ុន្តែយន្តហោះនេះមិនបានចុះចតនៅអាកាសយានដ្ឋានលើកោះនេះទេ។ យន្តហោះយោធាអាមេរិកនេះត្រូវគេរាយការណ៍ថាបានហោះពីមូលដ្ឋានទ័ពអាមេរិកនៅកោះ Okinawa ក្នុងប្រទេសជប៉ុន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយឆ្លងកាត់កោះតៃវ៉ាន់។
កងទ័ពអាកាសសហរដ្ឋអាមេរិកមិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីទេទាក់ទងនឹងព្រឹត្តិការណ៍នេះ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន និងជារឿងរសើបបំផុតមួយរបស់ខ្លួន ដោយតែងថ្កោលទោសការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះដែលគ្រប់គ្រងខ្លួនឯងមួយនេះ៕