Alynana Media Cambodia
Icon Collap
clinic narit

អនុប្រធានអចិន្រ្ដៃយ៍គណៈ​កម្មាធិ​ការជាតិ៖​ ប្រជាពលរដ្ឋកុំ​ប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់

Sang Kim | Jun 18, 2020
អនុប្រធានអចិន្រ្ដៃយ៍គណៈ​កម្មាធិ​ការជាតិ៖​ ប្រជាពលរដ្ឋកុំ​ប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់
Clinic narith

បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០– លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​បានជំរុញដល់អាជ្ញាធរដែនដីសមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំងអស់ត្រូវបង្កើនពង្រឹងវិធានការទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់​របស់ពលករ​កម្ពុជាឱ្យមានប្រសិទ្ធភាពថែមទៀត។ ការជំរុញរបស់លោកជំទាវនេះបានធ្វើឡើង នៅក្នុង​កិច្ច​ប្រជុំពិភាក្សា ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយ​ខុស​ច្បាប់​របស់​ពលករកម្ពុជា ​នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលពីមន្ត្រី​អាជ្ញា​ធរ​​​សមត្ថកិច្ចពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ​​បាត់ដំបង សៀមរាប ឧត្តរមានជ័យ ​ ​​​ ​​ និង​អង្គការ​អន្តរជាតិ ​។

​លោកជំទាវ ជូ ប៊ុនអេង បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធនៅតាមបណ្តាខេត្ត ជាពិសេសមន្ត្រី និងកងកម្លាំង នៃអង្គភាព និងស្ថាប័ននានា​ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនដែលបាន​ប្រឹងប្រែងក្នុងការទប់ស្កាត់​និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃរបស់ពល​ករកម្ពុជាក្នុងពេលដែល​ស្ថាន​ភាពនៅតាមព្រំដែនត្រូវបានរឹតបន្ដឹងបិទច្រក ដើម្បីបង្ការ​ទប់ស្កាត់ការរីករាលដាល​​នៃ​ជំងឺកូវីដ-១៩។ លោកជំទាវបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះ គឺធ្វើឱ្យកម្ពុជា រក្សាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនេះ គ្រប់ស្ថាប័ន អង្គភាពទាំងអស់ បាននិងកំពុងរួមសាមគ្គីគ្នា ប្រយុទ្ធនឹងសង្គ្រាម​ជំងឺ​កូវីដ-១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិ ស្រឡាញ់​ជាតិ និងប្រជាជន។

លោកជំទាវ ជូ ប៊ុនអេង ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវ​បន្តអប់រំ​ណែ​នាំដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវដាច់ឱ្យនោះដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ និងបន្តតាមដានសុខភាពខ្លួនឯង។​ជាមួយគ្នានេះ ប្រសិនបើបង​ប្អូនមានអាការៈក្តៅខ្លួន ឬក្អកផ្តាសាយសង្ស័យថាខ្លួនមានផ្ទុកនូវវីរុសកូវីដ-១៩ ត្រូវប្រញាប់​ទាក់ទងទៅអាជ្ញាធរមូលដ្ឋានផ្ឋាល់ ឬសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ១១៥​ឬមន្ទីរពេទ្យ​ដែលនៅជិតលោកអ្នកបំផុត៕