យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC មុននេះបន្ដិចបានបញ្ជាក់ថា រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី ២៦ មិថុនា ២០២០ កម្ពុជាយើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៨នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានបញ្ជាក់បន្ដថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ ជាមួយគ្នានេះក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ហើយគិតមកដល់ពេលនេះយើងបានធ្វើតេស្ដរកមេរោគកូវីដ១៩ នេះលើមនុស្សសរុបចំនួន ៣៣,៨១២ ដែលស្មើនឹង ២,០៣៦ ក្នុងចំណោមមនុស្ស១លាននាក់៕ ពត៌មានបន្ថែមសូមទាក់ទងលេខ 115