Alynana Media Cambodia
Icon Collap
clinic narit

មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ប្រមាណជិត១០លានដុល្លារអាមេរិក

Admin Alynana | Jun 30, 2020
មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ប្រមាណជិត១០លានដុល្លារអាមេរិក
Clinic narith

2020-06-30

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា បានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩បានប្រមាណជិត១០លានដុល្លារអាមេរិកហើយ ដើម្បីជាការរួមចំណែកបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មកសិកម្ម ។

ឯកឧត្តម កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានឲ្យដឹងថា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូចនិងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារអនុម័តផ្តល់ប្រាក់កម្ចីជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើវិស័យកសិកម្ម៤ប្រភេទដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ។

ឯកឧត្តម មានប្រសាសន៍ថា សំណើប្រាក់កម្ចីផ្សេងទៀត ដែលមិនបានផ្តល់ការអនុម័ត ដោយសារអតិថិជនមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ធនាគារ ។

សំឡេង៖ «ឥឡូវនេះយើងឃើញមានការដាក់ពាក្យមកច្រើន ប៉ុន្តែពាក់ព័ន្ធទៅនឹងផ្នែកវត្ថុធានាបំណុលរបស់គាត់មានបញ្ហា ដោយសារអ្នកខ្លះធ្វើការបញ្ជាក់បានត្រឹមឃុំ ហើយដោយសារយើងចង់មានការបញ្ជាក់ទៅលើអចលនទ្រព្យរបស់គាត់ទៅដល់ថ្នាក់ស្រុក ដើម្បីយើងអាចធ្វើជាវត្ថុធានាបំណុលបាន ដោយជាទូទៅធនាគារពាណិជ្ជមួយចំនួន មានការផ្ទៀងផ្ទាត់ដោយប្រើប្លង់រឹង ប៉ុន្តែដោយសារធនាគារអភិវឌ្ឍន៍ជនបទជាធនាគាររបស់រដ្ឋ បម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ចឹងភាពបត់បែនរបស់គោលនយោបាយទៅលើវត្ថុធានាបំណុលនេះ គឺអាចទទួលយកប្លង់ទន់មួយចំនួន ប៉ុន្តែធ្វើយ៉ាងម៉េចត្រូវមានការបញ្ជាក់ទៅដល់ថ្នាក់ស្រុក តែសម្រាប់ខ្ចីនៅក្រោម១ម៉ឺនដុល្លារ យើងអាចផ្ដល់ជូនគាត់ដោយមានការបញ្ជាក់ត្រឹមឃុំក៏បាន ហើយយើងនឹងទទួលនិងផ្ដល់ជាប្រាក់ឥណទានជូនគាត់»។

ឯកឧត្តម បានបន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទម្លាក់ឥណទានសម្រាប់ជួយដល់កសិករ ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់និងបំពេញបានតាមលក្ខខណ្ឌរបស់ធនាគារ ។
កាលពីចុងខែមីនាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជួយដល់ប្រជាកសិករក្នុងការពង្រឹង និងពង្រីកផលិតកម្មដាំដុះ និងកែច្នៃផលិតផល សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងអាចនាំចេញ ក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕