2020-06-30
អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញ វីរុសផ្តាសាយជ្រូក ប្រភេទថ្មី ដែលមានសមត្ថភាពនិងលក្ខណៈគ្រប់គ្រាន់សម្រាប់បង្កើតឱ្យមានជំងឺរាតត្បាត ទៅថ្ងៃមុខ។ នេះបើតាមការសិក្សាចេញផ្សាយនៅថ្ងៃចន្ទទី ២៩ មិថុនា ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិក Proceedings of the national academy of Sciences។ អ្នកស្រាវជ្រាវកំពុងដឹកនាំធ្វើការវិភាគជាច្រើន ដើម្បីត្រៀមទល់ទល់នឹងគ្រោះហានិភ័យសុខភាពមួយនេះ។
កំពុងនិងទើបរងការរាតត្បាតពីកូវីដ១៩ អ្នកស្រាវជ្រាវពិតព្រួយបារម្ភខ្លាចមានការរីករាលដាលនៃជំងឺគ្រុនផ្តាសាយជ្រូកថ្មីមួយប្រភេទទៀត ដែលទើបសម្គាល់ឃើញមាននៅប្រទេសចិន។ ជាវីរុសផ្តាសាយជ្រូកថ្មី ដែលមានគ្រប់សណ្ឋាននិងលក្ខណៈ ព្រមទាំងមានអំណាចអាចក្លាយជាជំងឺរាតត្បាតថ្មី នៅថ្ងៃខាងមុខផង។ នេះបើតាមការសិក្សាចេញផ្សាយនៅ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិក PNAS (Proceedings of the National Academy of Sciences)។
វីរុសថ្មីនោះមានឈ្មោះថា G4 ដែលស្ថិតនៅក្នុងចង្កោមគ្រួសារតែមួយជាមួយនឹងវីរុសផ្តាសាយ H1N1 ដែលធ្លាប់ឆ្លងរាតត្បាតកាលពីឆ្នាំ២០០៩។ ជាវីរុសរបស់សត្វជ្រូក តែមានសមត្ថភាពចម្លងខ្ពស់អាចឆ្លងមកមនុស្សបាន។ នេះបើតាមសំណេរលម្អិតរបស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ និងមជ្ឈមណ្ឌលការពារប្រយុទ្ធប្រឆាំងជំងឺចិន។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សា ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ លើសត្វជ្រូក៣ម៉ឺនក្បាល ក្នុងមណ្ឌលសម្លាប់សត្វ នៅតាមខេត្តចំនួន១០របស់ចិន និងក្នុងមន្ទីរពេទ្យបសុសត្វ ដើម្បីញែកវីរុសផ្តាសាយជ្រូកទាំង ១៧៩ ឱ្យនៅដាច់ពីគ្នា។ ភាគច្រើនជាវីរុសប្រភេទថ្មី ដែលសត្វជ្រូកមានផ្ទុកក្នុងបរិមាណច្រើនតាំងពីឆ្នាំ២០១៦មក និងក្នុងនោះមានមួយកំណាចជាងគេ គឺ G4 EA H1N1 ។
តាមរយៈការសិក្សាពិសោធន៍បែបផ្សេងៗគ្នានៅក្នុងមន្ទីរពិសោធន៍និងលើសត្វ furets (ដែលផ្តល់រោគសញ្ញាដូចមនុស្សពេលមានអាការៈផ្តាសាយ ៖ ក្តៅខ្លួន កណ្តាស់ ក្អក) គេសង្កេតឃើញថា វីរុស G4 មានលក្ខណៈឆ្លងខ្លាំងជាងគេ ងាយពង្រីកខ្លួនខ្លាំងនៅក្នុងកោសិកាមនុស្ស និងបង្កឱ្យមានរោគសញ្ញាផ្តាសាយខ្លាំងជាងវីរុសដទៃ។ ម្យ៉ាងទៀត តេស្តនៅក្នុងកែវបានបង្ហាញ អង់ទីក័រក្រោយមានផ្តាសាយធម្មតាហើយមិនអាចទប់ឈ្នះវីរុស G4បានទេ។
ជាងនេះទៅទៀត ១០,៤% នៃបុគ្គលិក និងកម្មករធ្វើការនៅកន្លែកកាប់ជ្រូកបានឆ្លងវីរុសនេះ។ ប្រជាពលរដ្ឋទូទៅប្រមាណ៤,៤%ក៏ទំនងជាបានឆ្លងរួចហើយដែរ។ មានន័យថា វីរុសផ្តាសាយជ្រូកថ្មី បានឆ្លងមកមនុស្សរួចទៅហើយ គ្រាន់តែគ្មានភស្តុតាងបញ្ជាក់ថាវីរុសអាចចម្លងពីមនុស្សទៅមនុស្សប៉ុណ្ណោះ។
នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវដដែល ដែលព្រួយបារម្ភខ្លាច G4 ចេះសម្របខ្លួនទៅជាមានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស។ នៅពេលណាមានការចម្លងរវាងមនុស្សនិងមនុស្ស នោះនឹងមានជំងឺរាតត្បាតថ្មី។ ហេតុដូច្នេះចាំបាច់ត្រូវដាក់ឱ្យដំណើការភ្លាមប្រព័ន្ធត្រួតពិនិត្យ និងតាមដាន អ្នកធ្វើការពាក់ព័ន្ធនឹងសត្វជ្រូក៕