2020-07-06
យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់បានស្លាប់ និង ១៣ នាក់បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ដូចទឹកបាក់ទំនប់នៅកោះ Kyushu ភាគខាងត្បូង ប្រទេសជប៉ុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ NHK របស់ជប៉ុន នៅថ្ងៃអាទិត្យនេះ។
បន្ថែមពីនេះទៀត យ៉ាងហោចណាស់មានមនុស្ស ១៧ នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាព «ប៉ះពាល់ដល់ជីវិត»។
ភ្លៀងធ្លាក់ជោគជាំកាលពីថ្ងៃសៅរ៍នៅអាណាខេត្ត Kumamoto នៃកោះ Kyushu បានបង្កឲ្យមានទឹកជំនន់ និងការបាក់ដី។ ភ្លៀងធ្លាក់នេះក៏បានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនី និងចរន្តទឹកប្រើប្រាស់ផងដែរ។
អាជ្ញាធរបានបញ្ជាឲ្យមនុស្សជាង ២ សែននាក់ ជម្លៀសចេញពីផ្ទះសម្បែង និងបានជំរុញអ្នកដែលស្នាក់នៅកន្លែងស្នាក់នៅសម្រាប់គ្រាអាសន្ននានា ឲ្យលាងដៃ និងរក្សាគម្លាតពីគ្នា ដើម្បីការពារមិនឲ្យមានការឆ្លងជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Ryota Takeda បាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃអាទិត្យនេះថា៖ «យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីការពារមិនឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងធ្វើឲ្យជីវិតរបស់អ្នកដែលត្រូវជម្លៀសចេញពីផ្ទះសម្បែងរស់នៅមានផាសុកភាពតាមតែអាចធ្វើទៅបាន»។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ស្របពេលដែលមានការទស្សន៍ទាយថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត៕