Alynana Media Cambodia
Icon Collap
clinic narit

កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញនៅលើផ្ទៃដី៤០ហិកតា

Admin Alynana | Jul 06, 2020
កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញនៅលើផ្ទៃដី៤០ហិកតា
Clinic narith
2020-07-06
 
កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញនៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣នៃភាគខាងជើងបឹងទន្លេសាប។
 
កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារព្រៃលិចទឹកឡើងវិញនេះគឺជាសកម្មភាពមួយនៃគម្រោងរេដបូកសាកល្បង កំពុងអនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងដែលគាំទ្រថវិកាដោយគម្រោងភាពជាដៃគូកាបូនព្រៃឈើ (FCPF)។ សកម្មភាពដាំស្តារព្រៃលិចទឹកនេះបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ។
លោក ព្រឹន សាវិន ប្រធានរដ្ឋបាលជលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយបញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍សសរស្តម្ភ សហគមន៍មុខបែន បានដាំកូនឈើនេះ ក្រោមការឧបត្ថម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃឈើ (FCPF)នៃក្រសួងបរិស្ថាន។ នាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានផ្តូចផ្តើមដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកនេះនៅលើផ្ទៃដី៤០ ហិចតា ស្មើរនិង៤ម៉ឺនដើម មានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។
 
លោកបានបញ្ជាក់បន្តថា ការដាំស្តារឡើងវិញនេះ គឺនៅលើផ្ទៃដីដែលទទួលរងគ្រោះដោយសារភ្លើងឆេះនារដូវប្រាំង៣ឆ្នាំកន្លងមកដែលទទួលរងនូវភាពរាំងស្ងួត នារដូវប្រាំងកន្លងមក និងយើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិរបស់យើងឡើងវិញ ដើម្បីជាជម្រកពងកូនសម្រាប់មច្ចាជាតិនៅរដូវទឹកឡើង។
លោក ថាន់ ហឹក អភិបាលរងស្រុកពួក ខេត្តសៀមរាប បានអោងដឹងថា រដ្ឋបាលស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមនៅក្នុងការដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកស្ថិតនៅក្នុងមូលដ្ឋាននៃភាគខាងជើងបឹងទន្លេសាបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនិងគម្រោងនេះ ដែលនិងជួយអោយមានការការពារ និងអភិរក្សព្រៃនៅក្នុងតំបន់ព្រៃលិចទឹកនេះ និងរក្សាបានជាកេរ្តិ៍តំណែលដល់កូនចៅជំនាន់ក្រោយៗទៀត។
 
បើតាមការបញ្ជាក់ពី ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោងរេដបូក នៃក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា គម្រោងនៃការដាំស្តារព្រៃលិចទឹកឡើងវិញនេះ ស្ថិតនៅក្រោមការគាំទ្ររបស់គម្រោងរេដបូកកម្ពុជា។ គម្រោងនេះគឺជាគម្រោងមួយដែលបានកំពុងតែអនុវត្តន៍ និងការកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ ហើយជាការចាំបាច់គម្រោងពិនិត្យទៅលើតំបន់ណាដែលមានសភាពរិចរឹល ឬក៏បាត់បង់។ ឯកឧត្តម លើកឡើងបន្តថា នៅក្នុងតំបន់នេះគឺជាតំបន់ ព្រៃលិចទឹក ហើយប្រជាសហគមន៍មូលដ្ឋាន ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក គាត់បានយល់ដឹងច្រើនអំពីប្រយោជន៍រួមនៅការថែរក្សាការពារព្រៃលិចទឹកនេះ ដែលធ្វើអោយគាត់មានបំណងនិងស្តែងចេញនូវផែនការសកម្មភាពក្នុងការស្តារព្រៃលិចទឹកឡើងវិញនូវសកម្មភាពនៃការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះសំរាប់ជាប្រយោជន៍រួមទៅអនាគត់។
 
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្តថា ព្រៃលិចទឹកគឺជាកន្លែងមួយដែលជាតំបន់អភិរក្សរបស់ តំបន់ទំនាបបឹងទន្លេសាប ហើយកន្លែងអភិរក្សនេះ គឺគេអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោកហើយអ្នកដែលទទួលបានផលប្រយោជន៍នេះ គឺសហគមន៍ប្រជាជនមូលដ្ឋានតែម្តង។ ឯកឧត្តមបានលើកឡើងបន្តថា មច្ឆាជាតិទាំងអស់ដែលរស់នៅបានគឺពឹងផ្អែកទៅលើព្រៃលិចទឹកនេះ ដែលបានបន្សល់សត្វច្រើន ហើយអ្វីដែលបានមានសល់រហូតមកដល់សព្វថ្ងៃនេះ គឺបានដោយសារព្រៃលិចទឹកនេះ៕107397052_1758823250923455_3413063911548111500_o107525323_1758823244256789_8649773849990476731_o107329452_1758823354256778_446770544875785399_o107006333_1758823434256770_4345574007747634037_o106525657_1758823364256777_4814161207324973523_o106463521_1758823307590116_3530627887107801450_o106496150_1758823297590117_1055461385294752245_o