
កោះកុង ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយព្រះរាជអាជ្ញារងខេត្តកោះកុង បានចុះពិនិត្យបង្ក្រាប និងរកឃើញក្រុមជនអន្តោប្រវេសន៍ជនជាតិវៀតណាម ចំនួន៤៩នាក់ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ម្សិលមិញ ដែលកំពុងស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់លើសាឡង់បូមខ្សាច់ នៅស្រុកស្រែអំបិល។
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកស្រាវជ្រាវរកមិនឃើញឯកសារសម្គាល់លើជនអន្តោប្រវេសន៍ចំនួន៤៩ ក្នុងនោះ ស្ត្រីចំនួន៣នាក់ ជាជនជាតិវៀតណាម។
បើតាមឧត្តមសេនីយ៍ឯក ពួកគេបានស្នាក់នៅ និងធ្វើការលួចលាក់ខុសច្បាប់នៅលើសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង នៅចំណុចភូមិសាស្ត្រចំណុចពាមគយ ភូមិបាក់អង្រុត ភូមិឈើទាសភ្នាស់ ឃុំស្រែអំបិល។ បច្ចុប្បន្ននេះ សមត្ថកិច្ចរបស់លោក ក៏កំពុងសួរនាំលម្អិតថែមទៀតលើជនអន្តោប្រវេសន៍ម្នាក់ពីប្រវត្តិនៃការធ្វើដំណើរលួចចូលឆ្លងដែនខុសច្បាប់ផ្លូវគោក ឬផ្លូវទឹក ដោយផ្ដើមពីភូមិសាស្ត្រណាខ្លះ។ ទោះបីជាពួកគេ ត្រូវចាត់បញ្ជូនមកកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ក៏ដោយ។
ចំពោះម្ចាស់អាជីវកម្មបូមខ្សាច់ដ៏ធំជាងគេនៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេស្គាល់ឈ្មោះថា លឹម បុក ដែលផ្ដល់ការអនុញ្ញាតជាទីតាំងស្នាក់នៅ និងប្រកបមុខរបររកឈ្នួលបូមខ្សាច់ប្រចាំថ្ងៃអោយខ្លួន។ គេនៅមិនទាន់ដឹងព័ត៌មានច្បាស់លាស់ទេ ថាតើឈ្មួញឈ្មោះ លឹម បុក នេះ អាចនឹងរងបន្តឹងទៅតុលាការតាមផ្លូវច្បាប់ដែរឬយ៉ាងណានោះ មិនអាចមានសមត្ថកិច្ចជំនាញណាម្នាក់អាចពន្យល់បានទេ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងដែរថា នេះជាការបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំមួយ សម្រាប់ឆ្នាំ២០២០ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់លើដែនដីខេត្តកោះកុង។ កន្លងទៅមានយុទ្ធនាការពិនិត្យ និងបង្ក្រាបណាស់ដែរ ដោយរកឃើញចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងពេលនេះ។
ជាវិធានការរឹតបន្តឹង លោកស្នងការនគរបាលខេត្តកោះកុង អះអាងទៀតថា លោក នឹងដាក់ផែនការដល់មន្ត្រីសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងស្រុក នឹងបង្កើនបន្តសហការពិនិត្យស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់បន្ថែម ដោយមិនត្រូវឱ្យពួកគេចូលមករស់នៅ និងធ្វើការខុសច្បាប់ហើយ មិនដឹងព័ត៌មាននោះទេ៕